(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមតាមទូរស័ព្ទប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយលោកសូមអំពាវនាវដល់យានដ្ឋានជួសជុសរថយន្ត និងឃ្លាំងស្តុបទំនិញធំៗស្ទើរដូចរោងចក្រ គួរពិចារណារៀបចំ ទីតាំងចេញទៅក្រៅក្រុងភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធនៅជ្រោយ និងក្រៅក្រុងមានភាពល្អប្រសើរ ច្រើនហើយ ដូច្នេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាភាពណែនតាន់តាប់តាមដងតូចធំ, ការបំផ្លាញផ្លូវសាធារណៈដោយសារតែរថយន្ត កុងតឺន័រធំៗដឹកទំនិញចូលទៅដាក់ក្នុងឃ្លាំង។ ហេតុនេះសូមអំពាវនាវដល់យានដ្ឋានជួសជុសរថយន្ត និងឃ្លាំង ស្តុបទំនិញដែលមានគ្រឿងចក្រធំៗស្ទើរ ដូចរោងចក្រ គួរពិចារណារៀបចំទីតាំងចេញទៅតំបន់នៅក្រៅក្រុង។ ព្រោះការរៀបចំនៅក្រៅក្រុងនេះអាចជួយ សម្រួលបញ្ហាចរាចរណ៍នានាតាមផ្លូវ។
លោកបានបន្តថា ការរៀបចំទីតាំងយានដ្ឋានជួសជុសរថយន្ត និងឃ្លាំងស្តុបទំនិញធំៗនៅក្រុងនេះ ក៏ដូចជាការចូលរួមលើកកំពស់សោភណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។
ការថ្លែងអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលគួរស្រូវ ព្រំប្រទល់ខណ្ឌដង្កោ និងខេត្តកណ្តាល បន្ទាប់ពីបញ្ចប់សម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគោកអំពិល ក្នុងសង្កាត់ជើងឯក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។ តែយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញរូបនេះ មិនទាន់បានបង្ហើបឲ្យច្បាស់ថា តើពេលណាដែលត្រូវឲ្យមានការផ្លាស់ប្តូរ យានដ្ឋាន ជួលសជុលរថយន្ត និងឃ្លាំងស្តុបទំនិញទាំងនេះឡើយ។
ជាការកត់សំគាល់ កំណាត់ផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ ត្រូវបានកកស្ទះជារៀងរាល់ថ្ងៃ ដោយសារតែរថយន្តកុងតឺន័រ សណ្តោងកន្ទុយបានដឹកទំនិញ ចូលមកក្នុងក្រុង ហើយយានដ្ឋានជួសជុលរថយន្តធំៗជាច្រើន ក៏បានធ្វើឲ្យកកស្ទះចរាចរណ៍ ដោយសារតែកំណើននៃការជួសជុលរថយន្តរបស់ ប្រជាពលរដ្ឋ៕