(ព្រះវិហារ)៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលស្ត្រីរងគ្រោះរូបនោះ ត្រូវបានកាំភ្លើងកែច្នៃមួយដើម ដែលប្តីបានបញ្ចូលគ្រាប់រួចបាញ់សត្វមាន់។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឡាញ់ លីសៀវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះបានបញ្ចូលគ្រាប់កាំភ្លើងកែច្នៃកាប៊ិនមួយដើម ហើយបញ្ឈរចោល ផ្អែកជញ្ជាំងទុកបាញ់សត្វមាន់ មិនទាន់ទាំងបានបាញ់មាន់ផង កាំភ្លើងបានដួល ហើយផ្ទុះត្រូវប្រពន្ធ ចំក្រោមដោះខាងឆ្វេង ធ្លាយទៅចង្កេះខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកអធិការបានបន្តថា ជនរងគ្រោះឈ្មោះ ហាត់ រ៉យ អាយុ៣៣ឆ្នាំ ចំណែកប្ដីឈ្មោះ ធឹម ថុល អាយុ២៨ឆ្នាំ មានកូន៤នាក់ ក្នុងបន្ទុក រស់នៅភូមិកើតហេតុខាងលើ។
ពាក់ព័ន្ធករណីនេះ លោកអធិការស្រុកមិនទាន់ធ្វើការសន្និដ្ឋានថា ជាករណីបែបណាឲ្យពិតប្រាដកនោះទេ ព្រោះពេលនេះកម្លាំងកំពុងពិនិត្យផ្ទះកើតហេតុ ហើយចំពោះការក្សាទុកកាំភ្លើងកែច្នៃលោក តែងធ្វើការផ្សព្វផ្សាយជាប្រចាំ ដល់ប្រជាពលរដ្ឋឲ្យគាត់យកមកប្រគល់ជូនសមត្ថកិច្ច ព្រោះជាអំពើខុសច្បាប់៕