(ឧត្តរមានជ័យ)៖ លោក ធុយ ធី ដែលជាប្រជាពលរដ្ឋក្រីក្រ និងខ្វះផ្ទះសម្បែងធ្វើជាជម្រក រស់នៅភូមិអូរគគីកណ្តាល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសម្តែងក្តីរីករាយ និងត្រេកអរខ្លាំង បន្ទាប់ពីរូបគាត់ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ផ្ទះមួយខ្នងសម្រាប់ក្រុមគ្រួសារស្នាក់នៅ។
ផ្ទះមួយខ្នង ដែលមានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រនេះ ត្រូវបានប្រគល់ជូនដោយនាយឧត្តមសេនីយ៍ គន់ គីម ប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីប្រគល់ផ្ទះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ជាមួយស្នាមញញឹមបិទមាត់មិនជិត លោក ធុយ ធី បានថ្លែងថា រូបលោកជួបការលំបាកខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសគ្មានទីជម្រកសមរម្យសម្រាប់ស្នាក់នៅនោះឡើយ។
«ខ្ញុំមិននឹកស្មានថា បានសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះសម្រាប់ស្នាក់នៅបែបនេះឡើយ។ សម្តេចគឺជាមេដឹកនាំដ៏ល្អមួយរូប ដែលមិនត្រឹមប្រឹងប្រែងរំដោះតំបន់ពួកខ្ញុំរស់នៅនេះ ឲ្យរួចផុតពីសង្រ្គាមនោះទេ ថែមទាំងបានយកចិត្តទុកដាក់ជានិច្ចសម្រាប់ជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងថ្ងៃនេះ ផ្ទះមួយខ្នងនេះ គឺសម្តេចផ្តល់ជូនរូបខ្ញុំ និងក្រុមគ្រួសារឲ្យរស់នៅបានសមរម្យដូចគេដូចឯង។ ខ្ញុំមិនដឹងជាបានអ្វីសងនូវគុណបំណាច់ដ៏ធំធេងនេះបានឡើយ ក្រៅតែពីគាំទ្រសម្តេចដឹកនាំប្រទេសជាដរាបតទៅ»។ លោក ធុយ ធី បានគូសបញ្ជាក់។
លោក ធុយ ធី ក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ គន់ គីម ដែលតែងតែចុះដល់មូលដ្ឋាន និងស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយស្នើសុំសម្តេចជួយដល់ប្រជាពលរដ្ឋមានទុក្ខលំបាក។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ចំពោះមុខប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរការឡើងផ្ទះថ្មីរបស់លោក ធុយ ធី ថា សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោក គន់ គីម បានស្នើឲ្យប្រជាពលរដ្ឋមានទុក្ខលំបាកផ្សេងៗក្នុងជីវភាព ឲ្យផ្តល់ព័ត៌មានជូនរូបលោក និងក្រុមការងារ ដើម្បីបានដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលា។
ក្រៅពីការប្រគល់ផ្ទះហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់លោក ធុយ ធី និងគ្រួសារ ព្រមទាំងផ្តល់ថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលចូលរួមផងដែរ៕