(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីបំណងរបស់លោក ចង់ឲ្យយានដ្ឋានជួសជុលរថយន្ត និងឃ្លាំង ស្តុបទំនិញធំៗ នៅក្នុងរាជធានីភ្នំពេញ ចេញទៅក្រៅក្រុងវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំផ្លាញផ្លូវសាធារណៈដោយ សារតែរថយន្ត កុងតឺន័រធំៗ បានដឹកទំនិញទាំងនោះ ចូលទៅដាក់ក្នុងឃ្លាំង។
ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលគួរស្រូវ ព្រំប្រទល់ខណ្ឌដង្កោ និងខេត្តកណ្តាល បន្ទាប់ពីបញ្ចប់សម្ពោធ ដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគោកអំពិល ក្នុងសង្កាត់ជើងឯក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់មន្រ្តីរបស់លោកថា យានដ្ឋានជួសជុលរថយន្ត និងឃ្លាំងស្តុបទំនិញធំៗ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវឲ្យផ្លាស់ប្តូរទីតាំង នៅជាយរាជធានីភ្នំពេញវិញ ដោយសារតែទីតាំងទាំងនេះបានធ្វើឲ្យ មានការកកស្ទះចរាចរណ៍មួយផ្នែក និងបណ្តាលឲ្យខូចផ្លូវ ដែលរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកទំនិញឆ្លងកាត់ និងការចូលរួម លើកកំពស់សោភណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។
តែយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញរូបនេះ មិនទាន់បានបង្ហើបឲ្យច្បាស់ថា តើពេលណាដែលត្រូវឲ្យមានការផ្លាស់ប្តូរ យានដ្ឋាន ជួលសជុលរថយន្ត និងឃ្លាំងស្តុបទំនិញទាំងនេះឡើយ។
ជាការកត់សំគាល់ កំណាត់ផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ ត្រូវបានកកស្ទះជារៀងរាល់ថ្ងៃ ដោយសារតែរថយន្តកុងតឺន័រ សណ្តោង កន្ទុយ បានដឹកទំនិញ ចូលមកក្នុងក្រុង ហើយយានដ្ឋានជួសជុលរថយន្តធំៗជាច្រើន ក៏បានធ្វើឲ្យកកស្ទះចរាចរណ៍ ដោយសារតែកំណើន នៃការជួសជុលរថយន្តរបស់ ប្រជាពលរដ្ឋ៕