(កំពង់ចាម)៖ សមាជិកគណបក្សសង្គ្រោះជាតិ៨៣នាក់ និងគណបក្សហ៊ុន ស៊ិនប៉ិច៦៣នាក់ សរុបចំនួន១៤៦នាក់ មកពីភូមិទាំង៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រកាសស្ម័គ្រចិត្តសុំចូលជាសមាជិក គណបក្សប្រជាជនកម្ពុជាកម្ពុជា ក្រោមស្នូរទះដៃ អបអរសាទរយ៉ាងក្លៀវក្លា ក្នុងពិធីប្រកាសបញ្ចូល សមាជិកភាពគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លន់ លឹមថៃ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជានេះ មានការចូលរួមពី លោក សោ សាវឿន ប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ និងសមាជិកគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១,១៥១នាក់ ក្នុងនោះរួមមាន ក្រុមបក្សប្រជាជនកម្ពុជាចំនួន ៤៤៦នាក់ សមាជិកគណបក្សប្រជាជនកម្ពុជាបញ្ចូលថ្មីចំនួន ៧០៥នាក់ ហើយក្នុងសមាជិកបញ្ចូលថ្មីនេះ មានសមាជិកចំនួន ៨៣នាក់ មកពីគណបក្សសង្រ្គោះជាតិ និង៦៣នាក់ មកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច។
សមាជិកបក្សប្រឆាំង បានបញ្ជាក់ថា «មូលហេតុនៃការស្ម័គ្រចិត្ត សុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដោយសារតែពួកគាត់ មើលឃើញយ៉ាងច្បាស់ អំពីសកម្មភាព នៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមរីកចម្រើនដូចសព្វថ្ងៃ ព្រមទាំងសកម្មភាពចុះជួប និងជួយប្រជាពលរដ្ឋទូទៅគ្រប់រូបភាព របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំសង្កាត់ ជាពិសេសថ្ងៃនេះ គឺក្រុមការងារចុះជួយឃុំអូរស្វាយតែម្តង ដែលមានលោក សោ សាវឿន ជាប្រជានក្រុមការងារ»។
សមាជិកថ្មីទាំងនោះ បន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលធ្វើការងារជួយប្រជាពលរដ្ឋជាក់ស្តែង រីឯគណបក្សប្រឆាំងដូចជា គណបក្សសង្គ្រោះជាតិ គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី ជាដើម គឺជាគណបក្សបានតែថា ហើយមិនដែលឃើញធ្វើអ្វីសោះ ជាពិសេសនៅពេលប្រជាជនជួបប្រទះទុក្ខលំបាកម្តងៗ គឺឃើញមានតែគណបក្សប្រជាជន តែមួយគត់ដែលបានចុះមកជួយ។
បន្ថែមពីនេះពួកគាត់មិនពេញចិត្តការដឹកនាំ និងរបៀបរបបរធ្វើការងារ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រឆាំងផ្សេងទៀតនោះទេ ពោលគឺ មេដឹកនាំគណបក្សទាំងនោះ គ្មានសមត្ថភាពដឹកនាំប្រទេស ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តិអំពើពុករលួយក្នុងជួរគណបក្ស អំពើអសីលធម៌ ជាដើម ដូច្នេះក្នុងនាមពលរដ្ឋខ្មែរ ពួកគាត់មិនអាចបោះឆ្នោត ឲ្យក្រុមបក្សប្រឆាំងបានឡើយ ហើយពួកគាត់ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំប្រទេស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាមួយគ្នានោះ លោក លន់ លឹមថៃ បានផ្តាំផ្ញើដល់សមាជិកទើបបញ្ចូលថ្មីទាំងអស់ថា សូមឲ្យបងប្អូនទាំងអស់ជឿជាក់មកលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យមានភាពស្មោះត្រង់ ចំពោះគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ហើយរួមគ្នាធ្វើការងារ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា៕