(ព្រះវិហារ)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានបញ្ជាក់ថា «បើវិស័យអាណាចក្រមិនរីកចម្រើន វិស័យពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ»។
ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធិផលនានា នៅវត្តពោធិ៍កែវមានជ័យហៅ វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំង ដែលខុសពីរបបខ្មែរក្រហម គឺវិស័យនានា ត្រូវលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ វត្តពោធិ៍កែវមានជ័យ ក៏ដូចជា វត្តអារ៉ាមនានា នៅក្នុងប្រទេសត្រូវបានក្លាយជា កន្លែងឃុំឃាំងមនុស្ស ជាឃ្លាំងដាក់សម្ភារផ្សេងៗ និងបំបាត់មិនឲ្យមានព្រះសង្ឃគង់នៅក្នុងវត្តនោះទេ ហើយក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិមានការស្តាវិញ បានធ្វើឲ្យវិស័យនានាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះគឺវិស័យអណាចក្រនិងវិស័យ ពុទ្ធចក្រជាដើម។
នាយឧត្តមសេនីយ៍ មាស សុភា បន្ថែមថា ស្របពេលប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន មានជនអគតិ និងបក្សនយោបាយខ្លះបានដើរ ញុះញុងបំផុសបំផុល មូលបង្កាច់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាថា ពុំបានធ្វើអ្វីនោះទេ ហើយត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ បានឆ្លើយតបថា «ប្រជាពលរដ្ឋខ្មែរមិនល្ងង់នោះទេ លោកចេះវិភាគថ្លឹងថ្លែងបានល្អណាស់ ថា អ្នកណាជាអ្នកធ្វើ ហើយអ្នកណាជាអ្នក សន្យាហើយមិនធ្វើ»។
ជាក់ស្តែងកាលពីបោះឆ្នោតអណត្តិមុន គេសន្យាថា បើកប្រាក់ខែឲ្យប្រជាពលរដ្ឋខ្មែរចាស់ៗម្នាក់ៗ១០ដុល្លារ ហើយឥឡូវនេះ គេសន្យា បើកប្រាក់ខែឲ្យម្នាក់ៗ២០ដុល្លារ ហើយឃុំដែលឈ្នះឆ្នោតគេឲ្យ៥០ដុល្លារ ដែលករណីនេះ គឺជាការបោកប្រាស់សុទ្ធសាត១០ដុល្លារ មិនទាន់បានផង ថែមទាំងប្រកាសឲ្យ២០ដុល្លារថែមទៀត បើផ្អែកលើបុណ្យបាបកម្មផលគេថា ភូតច្រើនចាញ់អាត្មា ប្រជាពលរដ្ឋ ក៏អស់ជំនឿទៀត។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង០៣រសៀល ដើម្បីអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបំពាក់មេដាយដល់សប្បុរសជន ដែលបានចូលរួមកសាងសមិទ្ធិផលនានា នៅវត្តពោធិ៍កែវមានជ័យ ព្រមទាំងចែកអំណោយដល់ប្រជាលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមផងដែរ។ គួរបញ្ជាក់ថា វត្តពោធិ៍កែវមានជ័យ បានចាប់ផ្តើម សាងសង់កាលពីឆ្នាំ១៨៧៣ ដែលគិតរហូតមកដល់ពេលនេះ សាងសង់បានចំនួន១៤៤ឆ្នាំ៕