Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ឯក មនោសែន ចុះសំណាលសំណាល សិស្សនាយនគរបាលកំពុងសិក្សា កម្រិតបឋមវិជ្ជាជីវៈ នៅសាលានគរបាលជាតិ ភូមិភាគ៦

06-05-2017 11:44

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយ សិស្សនាយនគរបាល និងនាយនគរបាលរងកំពុងសិក្សា កម្រិតបឋមវិជ្ជាជីវៈ នៅសាលានគរបាលជាតិ ភូមិភាគ៦ ស្ថិតនៅខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ពិធីចុះសំណេះសំណាលនេះ ដើម្បីពិនិត្យ លើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធី បណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់, ពីវិជ្ជាជីវៈ នគរបាលកម្រិតបឋមមានចំណេះដឹង, មានការយល់ដឹកអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង, មានស្មារតីទទួលខុសត្រូវលើការងារ, គោរប្រតិបត្តិច្បាប់, គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា ។

អនុប្រធានបណ្ឌិត្យសភានគរបាលរូបនេះ ​សង្ឃឹមថា​ សិស្សនគរបាលដែលបានបញ្ចប់ការសិក្សា ត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ​ជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវ លើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់នាំផ្ដល់ជំនឿទុកចិត្ត មកលើខ្លួន​៕