(កំពង់ធំ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពឆក់ គាស់ផ្ទះ និងលួចម៉ូតូ របស់ពលរដ្ឋហាក់កំរើកឡើងវិញ ដោយមិនថាថ្ងៃ ឬក៏យប់ឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាត់បង់ប្រាក់ខ្ទង់លានរៀល ប៉ុន្ដែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហាក់មិនអើពើ ហើយមិនឲ្យប្រាប់ដល់អ្នកកាសែតទៀតផង។
សេចក្ដីរាយការណ៍ បានឲ្យដឹង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះថា ក្រុមចោរបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅផ្សារស្ទោង ដោយយកអស់ប្រាប់៨លានរៀល ហើយនៅចំថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ នៅភូមិដូនល្អ ក្រុមចោរបានលួចម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៧ ស្រាប់តែរំលងមិនដល់១ម៉ោងផង ក៏បានចោរឆក់ខ្សែក នៅម្ដុំនោះទៀត។
សេចក្ដីរាយការណ៍បន្ថែមថា ប៉ុន្មានថ្ងៃមុននេះ ក្រុមចោរឆក់សម្ភារមានតម្លៃរបស់ពលរដ្ឋ នៅមុខការិយាល័យ អប់រំស្រុក ទាំងកណ្ដាលថ្ងៃទៀត ប៉ុន្ដែអ្វីដែលពលរដ្ឋហួសចិត្តមិនស្មាន់ដល់នោះ សមត្ថកិច្ចមូលដ្ឋាន មិនបានហៅជនរងគ្រោះទៅសួរនាំទាល់តែសោះ ដែលទង្វើនេះហាក់ដូចជាសមត្ថកិច្ចមិនទទួលខុសត្រូវសោះ។
ទោះបីសកម្មភាពអសន្ដិសុខនេះ កើតឡើងក្ដី អាជ្ញាមូលដ្ឋាន បានប្រាប់ប្រជាពលរដ្ឋថា មិនត្រូវផ្ដល់ព័ត៌មានទាំងនោះ ឲ្យក្រុមអ្នកកាសែតឡើយ។
យ៉ាងណាមិញ ពលរដ្ឋដែលមានទីលំនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កំពុងតែភិតភ័យយ៉ាងខ្លាំង ដោយសារតែការមិនទទួលខុសត្រូវរបស់សមត្ថកិច្ចមូលដ្ឋានបែបនេះ៕