(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចំណាយពេល២ម៉ោង ដើម្បីធ្វើការជួបសំណេះសំណាល ជាមួយក្រុមគ្រួសារនៃបុគ្គលិកឆ្នោតកីឡាជាតិ ទាំងអស់នៅភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាល ដែលធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនឆ្នោតតែមួយគត់របស់ជាតិ ជាពិសេសមានការសហការយ៉ាងស្អិតរមួត ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងការធ្វើវិនិយោគអាជីវកម្មឆ្នោត ដើម្បីរកប្រាក់ចំណូល ឬថវិកាជួយដល់វិស័យកីឡា ជាពិសេសជួយរកថវិកា ដើម្បីធ្វើការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ដើម្បីពង្រឹងវិស័យជំនួញឆ្នោតកីឡាជាតិ លោក វ៉ាត់ ចំរើន បានចែករំលែក និងផ្តល់អនុសាសន៍ ដ៏មានសារៈសំខាន់ដល់បុគ្គលិក ឆ្នោតកីឡាជាតិទាំងអស់ ឲ្យធ្វើការពង្រឹងខ្លួនឯង ចំណេះជំនាញក្នុងការផ្តល់សេវាកម្មឲ្យបានល្អ និងដោះស្រាយបញ្ហាឲ្យចំ និងទាន់ពេលវេលាដល់ដៃគូអាជីវកម្មរបស់យើង ដើម្បីឈានទៅធ្វើការប្រគួតប្រជែង ជាមួយក្រុមហ៊ុនដទៃទៀត។
លោកលើកឡើងទៀតថា ម៉្យាងវិញទៀតបុគ្គលិកឆ្នោតកីឡាជាតិទាំងអស់ ត្រូវមានជំនឿចិត្ត មានភាពជឿជាក់លើខ្លួនឯងថា យើងជាបុគ្គលិក្រុមហ៊ុនរបស់ជាតិ ជាពិសេសជាផ្នែកមួយនៃបុគ្គលិក របស់ស្ថាប័នគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក្រុមហ៊ុនឆោ្នតកីឡាជាតិ របស់យើងខុសប្លែកពីក្រុមហ៊ុនឆ្នោតដទៃ ដោយសារយើងធ្វើអាជីវកម្ម ជួយដល់ស្ថាប័នរដ្ឋផ្ទាល់ មិនដូចបណ្តាក្រុមហ៊ុនដទៃទៀតឡើយ។
លើសពីនេះទៅទៀត លោក វ៉ាត់ ចំរើន ក៏បានផ្តល់អនុសាសន៍ផ្នែកផ្សព្វផ្សាយ ឲ្យសង្កត់អោយច្បាស់ទៅលើពាក្យថាឆ្នោត គឺឆ្នោតមិនមែនជាល្បែងទេ កុំច្រលំ វាគឺជាការផ្សងសំណាង ដល់ប្រជាពលរដ្ឋ ក្នុងការកំសាន្ត ក៏ដូចជាកែប្រែ និងលើស្ទួយជីវភាព ឬអាជីវកម្មឲ្យប្រសើរជាងមុន នៅពេលមានសំណាងឈ្នះរង្វាន់ធំ ហើយក៏ធ្វើការសង្កត់ផងដែរថា បើអថិជនដែលបានជាវឆ្នោតកីឡាជាតិ ហើយមិនឈ្នះទេនោះ គាត់ត្រូវគិតថាគាត់បានរួមចំណែកផ្តល់វិភាគទាន១០០០រៀល ឬ២០០០រៀលជូនរដ្ឋទៅចុះ៕