(កណ្ដាល)៖ បើយោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារអង្គភាព Fresh news ប្រចាំខេត្តកណ្ដាល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះថា ករណីឃាត់រថយន្តដឹកជ្រូក នៅស្រុកកៀនស្វាយ ដែលត្រូវបានប្រជាពលរដ្ឋឡោមព័ន្ធ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានសម្រេចផាកពិន័យក្រុមហ៊ុន នាំចូលជ្រូកខាងលើចំនួន១៥លានរៀល នៅមុខប្រជាពលរដ្ឋ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីបានផាកពិន័យ នៅមុខប្រជាពលរដ្ឋរួច នៅយប់ថ្ងៃដដែរនោះ ក្រុមប្រជាពលរដ្ឋដែលជាកសិករចិញ្ចឹមជ្រូក មកពីឃុំនានា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបំបែកគ្នានៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។
យ៉ាងណាក៏ដោយ បើទោះបីជាមន្រ្តីក្រសួងកសិកម្ម សម្រេចផាកពិន័យ១៥លានរៀល ពីក្រុមហ៊ុននាំចូលក្ដី ក៏ក្រុមមន្រ្តីមិនទាន់អនុញ្ញាឲ្យរថយន្តដឹកជ្រូកជាង១០០ក្បាល ចាកចេញនោះឡើយ ដោយរង់ចាំការពិនិត្យលើសត្វជ្រូកទាំងនោះរួចរាល់សិន។
សូមជម្រាបថា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ កសិករចិញ្ចឹមជ្រូកក្នុងស្រុកគៀនស្វាយ ខេត្តកណ្ដាល ជាង១០០នាក់ បាននាំគ្នាចុះឡោមព័ន្ធរថយន្តដឹកជ្រូកនាំចូលពីប្រទេសវៀតណាម ដែលត្រូវបានមន្រ្តីនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា និងមន្រ្តីបស្បុសត្វ ខេត្តកណ្ដាល ឃាត់បាននៅផ្លូវជាតិលេខ១ ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៧ ដើម្បីសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការនាំចូលជ្រូក ខុសច្បាប់ពីប្រទេសវៀតណាម។
ប្រជាពលរដ្ឋអះអាងថា ការនាំចូលជ្រូកខុសច្បាប់នេះ បានគំរាមកំហែងជ្រូកដល់កសិករក្នុងស្រុក ព្រោះមិនអាចប្រកួតប្រជែងជាមួយជ្រូកនាំចូលបាន៕