(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយ ឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ បានប្រាប់ទៅមេភូមិ-មេឃុំ និងអាជ្ញាធរ ឲ្យបន្តយកចិត្តទុកដាក់ ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ហើយក៏បានប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ៧៨០គ្រួសារ មកពីភូមិធំ ឃុំធំ ស្រុកកៀនស្វាយ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីចង់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់រស់នៅប្រចាំថ្ងៃ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងធ្វើឲ្យមានស្ថេរភាពឲ្យមានសន្តិសុខ ឲ្យសណ្ដាប់ធ្នាប់ ឲ្យសន្តិភាពនៅទូទាំងប្រទេស ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចក្ដីសប្បាយរីករាយ ពេលមានបុណ្យទាន អាចដើរហោះហើរលេងសប្បាយ ទូទាំងប្រទេស គឺមិនព្រួយបារម្ភអ្វីឡើយ»។
លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើង បានសេចក្ដីសុខជាពិសេស ទទួលបានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ បើប្រទេសមានសន្តិភាពហើយនោះ គឺការអភិវឌ្ឍន៍ក៏កាន់តែរីកចំរើនថែមទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសបានរីកចំរើន»។
ជាមួយគ្នានោះដែរ លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញឲ្យ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវថែរក្សា និងការពារប្រជាពលរដ្ឋឲ្យមានសុខសន្តិភាពគ្រប់ៗគ្នា បើពួកគាត់រស់នៅមានសុខសន្តិភាព និងសុវត្ថិភាពគ្រប់គ្រាន់នោះ បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងមិនចាកចេញពីពួកយើងនោះទេ៕