(កំពង់ចាម)៖ ប្រជាពលរដ្ឋ និងនិវត្តជនមកពីគ្រប់និន្នាការរស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួននៅចំពោះមុខ លោក ម៉ា ឈឿន ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា រវាងសន្តិភាពដ៏សុខសាន្ត និងភ្លើងសង្គ្រាមដ៏ឃោរឃៅ គឺពួកគាត់ជ្រើសរើសយកសន្តិភាពហើយ ដាច់ខាតមិនជ្រើសយកភ្លើងសង្គ្រាមដែលបំផ្លាញប្រទេសជាតិរបស់ពួកគាត់ឡើយ។
ការប្ដេជ្ញាដ៏មុតមាំនេះ ត្រូវបានបញ្ជាក់យ៉ាងជាក់ច្បាស់ក្នុងឱកាសដែលលោក ម៉ា ឈឿន ចុះជួបផ្ទាល់ជាមួយនិវត្តជន អតីតមន្រ្តីរាជការក្នុងស្រុកជើងព្រៃ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ដែលមានអ្នកចូលរួមជិតប្រមាណជិត២០០នាក់។
លោកទីប្រឹក្សាបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ស្ថិរភាព ដើម្បីធានាបានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានដូចសព្វថ្ងៃពេញផ្ទៃប្រទេស ព្រោះសន្តិភាពនេះ ពិបាកស្វែងរកខ្លាំងណាស់ ពិបាកកសាងខ្លាំងណាស់ តែសង្គ្រាមទៅវិញទេ ដែលងាយនឹងកើតមាន ងាយនឹងបញ្ឆេះឡើង នាំទៅរកភាពហិនហោច បំផ្លាញប្រទេសជាតិ។
លោកថ្លែងយ៉ាងដូច្នេះថា «ពុកម៉ែប្រយ័ត្នឲ្យមែនទែន ប្រយ័ត្នបាត់សន្តិភាពកើតសង្គ្រាម តែកើតម្ដងទៀតហើយ គ្មានសល់អ្វីទេ លើកនេះអស់ទាំងទឹកដីទៀត គួរគិតគូរឲ្យមែនទែន»។
លោក ម៉ា ឈឿន បានបញ្ជាក់ថា កម្ពុជាទទួលបានសុខសន្តិភាពដូចសព្វថ្ងៃនេះ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ សម្ដេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្ដេច ជា ស៊ីម កម្លាំងយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋអ្នកស្នេហាជាតិ ក្រោមការជ្រោមជ្រែងពីគណបក្សប្រជាជនកម្ពុជា បានបូជាសាច់ស្រស់ ឈាមស្រស់ ព្រាត់ប្រាស់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនសាច់ញាតិ ដើម្បីរំដោះប្រជាពលរដ្ឋពីអំពើដ៏ឃោរឃៅ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្លងកាត់ឧបសគ្គ ព្យុះភ្លៀងគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា រហូតដល់សព្វថ្ងៃ។
លោកក៏បានអំពាវនាវយ៉ាងទទូចផងដែរ សុំឲ្យពុកម៉ែនិវត្តជន អតីតមន្រ្តីរាជការ ត្រូវជួយណែនាំ បង្ហាត់បង្រៀនបន្តទៅកូនចៅជំនាន់ក្រោយ ដើម្បីឲ្យពួកគេបានយល់ថា អ្វីទៅជាសន្តិភាព ហើយបើកើតសង្គ្រាមទៀត តើនឹងពិបាលយ៉ាងណាខ្លះ ព្រោះក្នុងនាមជាពុកម្ដាយ និងជាជីដូនជីតាជំនាន់មុន ប្រាកដជាដឹងនូវទុក្ខវេទនាទាំងអស់ អាចពន្យល់កូនចៅបានក្បោះក្បាយ និងទូល្មានបានយ៉ាងត្រឹមត្រូវ។
ឆ្លើយតបនឹងការអំពាវនាវដ៏សំខាន់នេះ អតីតមន្រ្តីរាជការ បានបញ្ជាក់យ៉ាងដាច់ខាត់ថា ពួកគាត់មិនបណ្ដោយឲ្យកើតមានសង្គ្រាមទៀតឡើយ ព្រោះពួកគាត់ក៏ជាអ្នករងគ្រោះក្នុងសង្រ្គាម ក៏ដូចជារបបប្រល័យពូជសាសន៍ដូចគ្នាដែរ ក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយ រងទុក្ខវេទនាដ៏ជូរចត់ដូចពួកគាត់ដែរ ហើយបានសន្យាថា នឹងពន្យល់ណែនាំទូល្មានកូនចៅជំនាន់ក្រោយរបស់ពួកគាត់ ឲ្យខិតខំថែរក្សាសន្តិភាព ស្ថិរភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តទៅមុខទៀត។
ប្រជាពលរដ្ឋក៏បានដឹងពីព័ត៌មានដែលថា សម្ដេតេជោ កំពុងសម្រាកព្យាបាលជំងឺនៅឯក្រៅប្រទេស (ប្រទេសសិង្ហបុរី) ផងដែរ ថែមទាំងបួងសួងជូនចំពោះសម្ដេចតេជោ ឲ្យឆាប់ជាសះស្បើយពីជំងឺ នឹងអាលបានមកដឹកនាំនាវាកម្ពុជា ឲ្យឆ្ពោះទៅរកភាពរីកចម្រើនបន្តទៅមុខទៀត ប្រកបដោយការគោរពស្រឡាញ់អស់ពីចិត្ត៕