(សៀមរាប)៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចុះសួរសុខទុក្ខ និងឧបត្ថម្ភការខូចខាតដំណាំស្រូវ ដល់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ រស់នៅឃុំលាងដៃ ស្រុកនគរភ្នំ ខេត្តសៀមរាប ដោយឧបត្ថម្ភជាប្រាក់យ៉ាងតិចចាប់ពី២០ម៉ឺនរៀល និងយ៉ាងច្រើន២លានរៀល ទៅតាមទំហំដីស្រែ និងបរិមាណស្រូវត្រូវបានខូចខាត។
ក្នុងនាមអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដូចជាពេលនេះ គឺការខូចខាតដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅឆ្នាំ២០១៦ និងការបញ្ជៀសជំនន់ក្រុងសៀមរាប និងប្រាង្គប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ម្យ៉ាងទៀត ការការពារតំបន់រមណីយដ្ឋានអង្គរ គឺស្របតាមគោលការណ៍របស់រដ្ឋាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រឹងប្រែងធ្វើតាមតួនាទីរបស់ខ្លួនក្នុងការអភិរក្ស និងអភិវឌ្ឍដើម្បីជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងពិធីនោះដែរ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា ក៏បាននាំយកនូវកញ្ចប់ ទ្រទ្រង់សុខុមាលម្តាយ និងទារកចែកជូនដល់ស្ត្រីដែលទើបតែឆ្លងទន្លេហើយថ្មីៗ ចំនួន២២ គ្រួសារ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការណែនាំរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោកស្រី តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។
ទាំងនេះជាការយកចិត្តទុកដាក់ របស់អាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋដើម្បី ផ្តល់ភាពកក់ក្តៅនិងជួយសម្រួលការលំបាកផ្សេងៗដល់ ប្រជាពលរដ្ឋក៏
ដូចជួយលើកកម្ពស់តម្លៃបេតិកភណ្ឌទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត៕