(ជប៉ុន)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី២០ ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបូក៣ កិច្ចប្រជុំទ្វេភាគីលើកទី៤ អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៧។
កំណើនសេដ្ឋកិច្ចក្នុងអាស៊ានបូក៣ ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអត្រាប្រមាណ៥.២% នៅឆ្នាំ២០១៧ ជាមួយនឹងអត្រាអតិផរណា ក្នុងកម្រិតទាបអាចគ្រប់គ្រងបាន។
កំណើនសេដ្ឋកិច្ចតំបន់នឹងបន្តគាំទ្រដោយតម្រូវការក្នុងស្រុក ស្របពេលដែលប្រទេសនីមួយៗ អាចទាញយកនូវផលប្រយោជន៍ ពីសមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ ចំពោះហានិភ័យ សេដ្ឋកិច្ចតំបន់អាចប្រឈមនឹង ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលអាចបណ្តាលមកពីគោលនយោបាយគាំពារពាណិជ្ជកម្ម, ការរឹតបន្តឹងនៃស្ថានភាព ទីផ្សារហិរញ្ញវត្ថុសកល និងកំណើនអតិផរណា ជាពិសេសក្នុងរយៈពេលមធ្យម។
ស្ថិតក្នុងស្ថានភាពនេះ តំបន់អាស៊ានបូក៣ គួរតែផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងសិ្ថរភាពហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិធានការម៉ាក្រូប្រុងប្រយ័ត្ន និងការកែទម្រង់រចនាសម្ព័ន្ធ។
អង្គប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានវាយតម្លៃខ្ពស់លើវឌ្ឍនភាព នៃសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ រួមមាន៖
ទី១៖ ការពង្រឹងសមត្ថភាពនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក្នុងការវិភាគនិងតាមដានហានិភ័យ ចំពោះម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ ជាមួយនឹងការបោះផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកដំបូង សម្រាប់ឆ្នាំ២០១៦, អត្ថបទវិភាគពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងបញ្ហាប្រឈមក្នុងរយៈពេល២០ឆ្នាំ ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី និងការវិភាគពីទស្សនវិស័យសេដ្ឋកិច្ចតំបន់។
ទី២៖ ការពង្រឹងភាពរួចរាល់នៃដំណើរការ «ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ» (CMIM) សម្រាប់បង្កានិងគ្រប់គ្រងវិបត្តិក្នុងតំបន់។ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព
ការងារសិក្សាលើការតម្លើង IMF Delinked Portion ពី៣០% ទៅ ៤០% និងរង់ចាំទទួលវឌ្ឍនភាពបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្តពីការដំឡើងនេះ។
ទី៣៖ វឌ្ឍនភាពក្នុងការងារអភិវឌ្ឍន៍ ទីផ្សារសញ្ញាបណ្ណអាស៊ី ដោយប្រើប្រាស់រូបិយវត្ថុក្នុងតំបន់។ ទីផ្សារសញ្ញាបណ្ណនេះ នឹងអនុញ្ញាតឱ្យប្រទេសក្នុងតំបន់ប្រើប្រាស់មូលនិធិតំបន់ ដែលមានលក្ខណៈស្ថិរភាព មកផ្តល់ហិរញ្ញប្បទានដល់គម្រោង វិនិយោគក្នុងតំបន់ ជាពិសេស លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ ដែលនៅកំពុងត្រូវការហិរញ្ញប្បទានជាច្រើននៅឡើយ ដើម្បីតភ្ជាប់ប្រទេសក្នុងតំបន់ ក៏ដូចជា បណ្តាតំបន់សេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេស។
អង្គប្រជុំក៏បានទទួលយកសំណើ សុំដំឡើងមូលនិធិសម្រាប់កម្មវិធីធានារ៉ាប់រង លើឥណទានសម្រាប់ការវិនិយោគ (CGIF) និងធ្វើការសម្រេចចិត្តនាពេលឆាប់ៗ។ ឆ្លៀតឱកាសនាកិច្ច
ប្រជុំនោះ ក្រសួងសេដ្ឋកិច្ចជប៉ុន និងធនាគារកណ្តាលជប៉ុន ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគីអាស៊ាន-ជប៉ុន ក្នុងគោលបំណងរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រសហប្រតិបត្តិការអាស៊ាន-ជប៉ុន តាមការវិនិយោគ ពាណិជ្ជកម្មនិងជំនួយរបស់ជប៉ុន មកក្នុងតំបន់អាស៊ាន។
ភាគីជប៉ុន បានបង្ហាញពីការបន្តគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ ហើយបានប្តេជ្ញាសហការពង្រឹងស្ថិរភាពហិរញ្ញវត្ថុតំបន់ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ ជាមួយនឹង
ការជួយដល់កំណែទម្រង់ប្រព័ន្ធពន្ធក្នុងតំបន់ និងជួយបង្កើតមូលនិធិធានារ៉ាប់រង លើគ្រោះមហន្តរាយធម្មជាតិ សម្រាប់អាស៊ាន ដោយចាប់ផ្តើមពីការចុះអនុស្សរណៈយោគយល់
ជាមួយកម្ពុជា ឡាវនិងមីយ៉ាន់ម៉ា ក្នុងការបង្កើតមូលនិធិនេះ ដោយមានការជួយជ្រោមជ្រែង ពីធនាគារពិភពលោក៕