(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០១៧នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នូវឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគោកពិសីរ័ត្ន ហៅវត្តគោកអំពិល ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលតម្លៃសរុបប្រមាណជាង២សែនដុល្លារ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងថា វត្គគោកពិសីរ័ត្ន កាលដើមឡើយជាទួលមួយព័ន្ធទៅដោយទឹក ហើយនៅលើទួលមានដើមអំពិលមួយយ៉ាងធំ ដោយសារទីនេះ មានលក្ខណៈអាចបង្កើតជាវត្តបាន ពុទ្ធបរិស័ទបានប្រែក្លាយទីនេះ ទៅជាវត្តនៅឆ្នាំ១៩៣៤។ ផ្អែកលើលក្ខណៈភូមិសាស្រ្ត ជាទីទួល ហើយមានដើមអំពិលដុះលើទួលនេះ ពុទ្ធបរិស័ទបានសម្រេច ដាក់ឈ្មោះវត្តនេះជា វត្តគោលអំពិល។
លោកបន្តថា ក្រោយមកដោយផ្នែកលើការរីកចម្រើនរបស់វត្ត កាន់តែប្រសើរ ទីវត្តមានសោភ័ណភាព សមជាទីសក្ការៈ ព្រះសង្ឃ ពុទ្ធបរិស័ទ បានសម្រេចដូរឈ្មោះថា វត្តគោកពិសីរ័ត្នវិញ។ គិតមកដល់សព្វថ្ងៃ វត្តមានអាយុកាល៨៣ឆ្នាំ ចាប់តាំងពីកកើតវត្តរហូតមកដល់ពេលនេះ វត្តគោកពិសីរ័ត្ន មានព្រះគ្រូចៅអធិការចំនួន៧អង្គ ហើយព្រះអង្គពូន សុឃុន ជាចៅអធិការបច្ចុប្បន្ន។ លោកបានបន្តទៀតថា ឧប្បដ្ឋានសាលាថ្មី បានចាប់ផ្តើមកសាង នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៤ និងស្ថាបនារួចជាស្ថាពរ នៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានទំហំ២៤គុណ៣៦ម៉ែត្រ បានចំណាយថវិកាសាងសង់ចំនួន១៨៧,៥១៥ដុល្លារ ហើយរួមទាំងសមិទ្ធផលនានាមួយចំនួនទៀត ដែលសរុបទាំងអស់ ២៨៤,៤២៦ដុល្លារ។
លោកប៉ា សុជាតិវង្ស បានថ្លែងថា ពិធិសម្ពោធដាក់ឲ្យប្រើប្រាស់ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ គឺមិនត្រឹមតេបានឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿ និងការគោរពប្រណិប័តន៍ ដ៏ជ្រាលជ្រៅរបស់យើងទាំងអស់គ្នា ចំពោះព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋ គ្រប់រូប ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យពីបាតដៃទទេ ជាពិសេសវិស័យពុទ្ធសាសនា តាមរយៈការបរិច្ចាគទានដ៏សប្បុរស ដើម្បីកសាងនូវសមិទ្ធផលនានា ទុកជាប្រយោជន៍ទាំង ក្នុងផ្នែកពុទ្ធចក្រនិងអាណាចក្រ។ កាយវិការ និងសទ្ធាជ្រះថ្លាដ៏ប្រពៃថ្លៃថ្លានេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងវាយតម្លៃខ្ពស់ចំពោះស្មារតីចែករំលែក និងរួមចំណែកដ៏ធំធេង ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍ។
លោកប៉ា សុជាតិវង្ស បានថ្លែងបន្តថា ជាការពិតណាស់ព្រះពុទ្ធសាសនា បានប្រៀនប្រដៅមនុស្សឲ្យស្គាល់សច្ចភាព សុចរិតភាព បុណ្យនិងបាប និងបង្ហាញអំពីមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពោះទុច្ចរិត និងអកុសលកម្ម ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព និងនាំពុទ្ធសាសនិកឆ្ពោះទៅរកសេចក្តីសុខ សុភមង្គលនិងភាពសុខដុមនីយកម្មក្នុងវិស័យសាសនា។
លោកបានបន្តថា វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ ជាទីផ្តល់ការអប់រំផ្លូវចិត្ត ឲ្យមនុស្សអាចរស់នៅជាមួយគ្នា ដោយសេចក្តីស្ងប់សុខខាងផ្លូវអារម្មណ៍ ជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជា និងជាថ្នាលសាបព្រោះនូវធនធានមនុស្សយ៉ាងសម្បូរបែប ក្នុងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការថែរក្សាការពារអត្តសញ្ញាណជាតិថែមទៀតផង។
លោកអភិបាលបានបន្ថែមថា ដោយមើលឃើញអំពីតួនាទីដ៏ សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្គនៅក្នុងសង្គមកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាំ បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត ឲ្យបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងវិស័យនេះ តាមរយៈការបើកទូលាយ និងជំរុញឲ្យមានការចែករំលែក រួមចំណែកជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដើម្បីសន្សំនូវសីលទានផង និងដើម្បីចូលរួមជាវិភាគទានផង ក្នុងការកសាងវត្តអារាមឡើងវិញ ក៏ដូចជាសមិទ្ធផលនានា សម្រាប់បម្រើដល់វិស័យសាសនា ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើគ្រប់វិស័យ៕