(ភ្នំពេញ)៖ លោកសួងម៉េង គា និងលោកជ្រុន ថេរ៉ាវ៉ាត់ មន្ត្រីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯមខេត្តកណ្តាល បានជម្រុញ មន្ត្រីក្រុមបក្សនិងសមាជិក បក្សគណបក្សប្រជាជនក្នុងឃុំកោះកែវ ស្រុកល្វាឯម ឲ្យត្រៀមគ្រប់ឯកសារ សម្រាប់ទៅបោះឆ្នោត ដែលនឹងខិតខំចូលរួមសកម្មផ្សព្វផ្សាយគោលនយោបាយបក្ស ដើម្បីប្រជាពលរដ្ឋ បានផ្តល់យុត្តិធម៌ ជូនគណបក្សប្រជាជន បោះឆ្នោតគ្រាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ គណបក្សប្រជាជន។
ការជម្រុញរបស់លោកសួង ម៉េង គា និងលោក ជ្រុន ថេរ៉ាវ៉ាត់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រុមបក្សគណបក្សប្រជាជន ក្នុងឃុំកោះកែវជាច្រើនរយនាក់ នារព្រឹកថ្ងៃទី៥ឧសភាឆ្នាំ២០១៧នេះ។
លោកទាំងពីរ ក៏បានរំលឹកមន្ត្រីក្រុមបក្សថា សល់ពេលតិចជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នឹងមកដល់ ។ដូចនេះការត្រៀមគ្រប់ឯកសារសម្រាប់ទៅបោះឆ្នោត វាជាការងារចាំបាច់មួយ ក្នុងចំណោមការងារជាច្រើន ដែលមន្ត្រីក្រុមបក្ស ត្រូវធ្វើដើម្បីប្រជាពលរដ្ឋ បានផ្តល់យុត្តិធម៍ជូនគណបក្សប្រជាជន ដែលជាគណបក្ស ធានាការពារតែមួយគត់ ដែលរក្សានូវសុខសន្តិភាព សេរីភាព និងការ អភិវឌ្ឍន៍ប្រទេសឲ្យជឿនលឿន ជូនប្រជាពលរដ្ឋ។
លោកទាំងពីរ លើកឡើងថា មន្ត្រីក្រុមបក្ស ត្រូវរួមចំណែកជួយបង្កលក្ខណៈ ឲ្យសមាជិកបក្ស ដែលមានវ័យចាស់ៗនោះ បានទៅបោះឆ្នោតទាំងអស់គ្នា និងពន្យល់សមាជិកបក្ស ឲ្យយល់ច្បាស់ថា បោះឆ្នោតជូនគណបក្សប្រជាជន គឺជាកាបោះឆ្នោតជូនអ្នកសង្គ្រោះយើង ការពារយើងនិងជួយយើង។ បោះឆ្នោតជូនគណបក្សប្រជាជន ការពារបានរាល់សមិទ្ធិផលសង្គម ឲ្យស្ថិតស្ថេរគង់វង្ស និងទទួលបានការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនច្រើនថែមទៀត។
ជាមួយនេះមន្ត្រីក្រុមបក្ស ត្រូវរួមចំណែកវាយបក ឲ្យទាន់ពេលវេលាចំពោះការឃោសនាភូតកុហក់បោកប្រាស់ របស់គណបក្សផ្សេង ដែលធ្វើឲ្យប្រជាជនយល់ខុស នាំដល់ការបែកបាក់ និងកើតមានបញ្ហាអសន្តិសុខដល់សង្គម៕