(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ២៥៨ អនក្រ.បកុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ចំនួន ៤៧រូប ត្រូវបានប្រកាសចញលកាន់មុខតំណែងថ្មី ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ពិធីប្រកាសតែងតាំងនេះ ធ្វើឡើងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុប១០០នាក់។
យោងតាមអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ រចនាសម្ព័ន្ធថ្មីរបស់ក្រសួង រួមមាន៖ អគ្គនាយកដ្ឋានចំនួន៣ អគ្គាធិការដ្ឋាន១ វិទ្យាស្ថានជាតិទេសចរណ៍១ និងនាយកដ្ឋានចំណុះ ចំនួន២០ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានអង្គរ។
ស្របតាមរចនាសម្ព័ន្ធថ្មីនេះ ក្រសួងទេសចរណ៍បានស្នើសុំតែងតាំងមន្រ្តីទៅតាមប្រអប់មានចំនួន៤៧រូប និងធ្វើពិធីប្រកាសនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។ ដូច្នេះ បច្ចុប្បន្ន រចនាសម្ព័ន្ធថ្មីរបស់ក្រសួង រួមមាន៖
* អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (លោក គង់ សូលីដា ជាអគ្គនាយក)
* អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ (លោក អ៊ិន ធឿន ជាអគ្គនាយក)
* អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ (លោក ណេប សាមុត ជាអគ្គនាយក)
* អគ្គាធិការដ្ឋាន (លោក ប្រាក់ ច័ន្ទតារា ជាអគ្គនាយក)
* វិទ្យាស្ថានជាតិទេសចរណ៍ (លោក កើត ពុទ្ធវរី ជានាយកវិទ្យាស្ថាន)។