(រតនគិរី)៖ ឈើរាប់សិបកំណាត់ ដឹកតាមរថយន្តកែច្នៃ ទៅក្បែរច្រករបៀងភ្នំក្រហម ត្រូវប៉េអឹមខេត្ត និងប៉េអឹមស្រុកអូរយ៉ាដាវចាប់ បញ្ជូនមកទីបញ្ជាការអាវុធហត្ថស្រុក។
ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងព្រៃក្រុមហ៊ុន៧៤ ចំការកៅស៊ូ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដោយបានរឹបអូសឈើសរុបមាន៤រថយន្តកែច្នៃ តែមិនអាចដឹងចំនួនម៉ែត្រគូបនៅឡើយទេ។
លោក សុខ មីន មេបញ្ជាការអាវុធស្រុកអូរយ៉ាដាវ បានដឹងថា ការបង្រ្កាបនេះ គឺក្រោមបញ្ជាពីមេបញ្ជាការអាវុធហត្ថខេត្ត គឺលោកឧត្តមសេនីយត្រី គឹម រស្មី។
លោកថា «អនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងយើងខ្ញុំតែងតែទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើនេះតែម្តង។ វត្ថុតាងយើងនឹងយកទៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត»៕