(កំពត)៖ ប្រជាពលរដ្ឋចំនួន២៦នាក់ មកពីបណ្តាលខេត្តមួយចំនួនដូចជាកំពង់ស្ពឺ រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍ អតីតយុទ្ឋជនកម្ពុជា ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាអ្នកបំផុសបំផុល ពីក្រោយខ្នង ដែលបានលួចចូលទៅប្រមូលផ្តុំគ្នា ដើម្បីកាប់ឆ្ការរុករានដីព្រៃ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បានសម្រេចចាកចេញពីតំបន់ដីព្រៃអភិរក្សនេះហើយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៧ បន្ទាប់ពីកគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្តកំពត បានពន្យល់ណែនាំ។
ចំណែកជនសង្ស័យជាមេក្លោងឈ្មោះ ប៉ាវ ប៊ុនថា ដែលជាអ្នកញុះញង់ពីក្រោយខ្នង ត្រូវបានសមត្ថកិច្ចបន្ថែមភស្តុតាង ដើម្បីឈានដល់ការអនុវត្ត វិធានការច្បាប់តឹងរឹង។
ចំណាត់ការនេះ ធ្វើឡើងមួយយថ្ងៃក្រោយពីមាន ការរុករានប៉ុនប៉ងទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងទីតាំងឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ។
ក្រុមការងារចម្រុះខេត្តកំពត ដឹកនាំដោយ លោក នៃ គង់ អភិបាលរងខេត្ត និងព្រះរាជ្ញអាជ្ញារង ព្រមទាំងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុតហត្ថ និងអាជ្ញាធរមូលដ្ឋានសរុប៥៨រូប បានចុះទប់ស្កាត់សកម្មភាព ទន្ទ្រានកាប់កាប់យកដី នៅចំណុច អូរដារ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ឋិតក្នុងដែនឧទ្យានជាតិបូកគោ។ ជាលទ្ឋផលជាក់ស្តែង គឺបានជួបប្រជាជន ២៦នាក់ក្នុងនោះ មានស្ត្រី២នាក់ បានឋិតនៅទីតាំង តែមួយរួមគ្នានិងបានសង់ជាតង់កៅស៊ូ ជាជំរុំ មិនទាន់មានសកម្មភាព កាប់រានដីព្រៃថ្មីនៅឡើយទេ។
នៅពេលជួបជាមួយពលរដ្ឋទាំងនោះ ក្រុមការងារបានសាកសួរពត័មាន មូលហេតុមកចាប់យកដី ធ្វើការពន្យល់ណែនាំបកស្រាយបញ្ជាក់ និងពួកគាត់ទាំងអស់ព្រមអនុវត្ត តាមការណែនាំ របស់ក្រុមការងារ ដោយរុះរើតង់ ប្រមូលសំភារៈ ត្រឡប់មកវិញ និងបានព្រមចុះកិច្ចសន្យាម្នាក់ម្តងៗ វិលត្រឡប់ទៅស្រុកវិញ ។ តាមការបញ្ចាក់របស់ពួកគាត់ គឺមកតាមរយៈ ឈ្មោះ ប៉ាវ ប៊ុនថា ប្រធានសមាគមនអភិវឌ្ឍន៍ អតីតយុទ្ឋជនកម្ពុជា ជាអ្នកញុះញង់ និងបំផុសបំផុលឱ្យមកចាប់ដីព្រៃខុសច្បាប់។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ឧសភា ឆ្នាំ ២០១៧ មានប្រជាជនចំនួន២៥នាក់ មកពីបណ្តាលខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍ អតីតយុទ្ឋជនកម្ពុជាដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស។ ទីតាំងនេះធ្លាប់ត្រូវបាបបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុក រានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។
លោក ស៊ុយ ធា បានថ្លែងថា ទោះបីជាមានការទប់ស្កាត់ពីកម្លាំងឧទ្យានុរក្សប្រចាំការ នៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូល ទៅកាន់ទីតាំងនោះទាល់តែបាន។ លោក ស៊ុយ ធា បានបញ្ជាក់ថា ករណីពលរដ្ឋមកទន្ទ្រាន ចាប់យកដីនៅទីតាំងនេះ ជាលើកទី២ ហើយដែលធ្វើឡើងតាមរយ:លិខិតរបស់រដ្ឋសភាដែលត្រូវបាន ខ្លែង ឆបោក ដោយក្រុមសមាគម ។
គួរបញ្ជាក់ថា បន្ទាប់ពីការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយគណៈកម្មការសិទ្ឋិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភាព្រឹទ្ឋសភា ស្នើសុំឲ្យអភិបាលខេត្តកំពត ពិនិត្យ និងជួយដោះស្រាយដី ៣០០០ហិកតា តាមរយៈសម្តេចប្រធានរដ្ឋសភា ជូនសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជន ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍ គឺ ក្រុមរបស់សមាគមន៍នេះ បានយកលិខិតនេះ ទៅបំផុសបំផុលចលនាប្រជាជន នៅតាមបណ្តាលខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពង់ធំ កំពង់ចាម កំពង់ស្ពឺ និងខេត្តកំពត មកយកដីនៅតំបន់អូរដា អូររាន ចន្ទ័ក្រហម មេរនាស និងត្រពាំងភ្លង ឋិតនៅក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ ភូមិសាស្រ្តខេត្តកំពត៕