(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី អគ្គមេបញ្ជាការទីចាត់ការបុគ្គលិក សិក្ខាកាមជំនាញគ្រប់គ្រង បុគ្គលិកចំនួន១០៨នាក់ មកពីបណ្តាគ្រប់អង្គភាព ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានអនុញ្ញាតិឲ្យរៀនបំប៉នបន្ថែម លើជំនាញប្រើប្រាស់ទិន្នន័យ និងជំនាញតម្លើងបណ្តាញប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំនួនទ័ព តាមបែបប្រព័ន្ធព័ត៌មានវិទ្យាថ្មីទំនើប ដោយបញ្ចូលទៅក្នុង ប្រព័ន្ធ Server ដែលទើបតែរៀបរៀងរួច ដោយយោធិនរបស់ទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ក្រោមការដឹកនាំពី ឧត្តមសេនីយ៍ទោ ខៀវ សុខា នាយករងទីចាត់ការបុគ្គលិក។
ពិធីនេះ ធ្វើនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មានរយៈពេល២ ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ខៀវ សុខា បានឲ្យដឹងថា កាលពីមុនយើងបានគ្រប់គ្រងទិន្នន័យទ័ពត្រឹមតែឯកសារជាក្រដាស ក្រោយមកនៅលើលើកម្មវិធី Word និង Excel ទេ ដោយសម័យកាន់តែទំនើប មានការអភិវឌ្ឍមកដល់សព្វថ្ងៃ នេះការគ្រប់គ្រងព័ត៌មានរបស់កងទ័ព គឺសំខាន់ ដូច្នេះហើយទើបថ្នាក់ដឹកនាំសម្រេចបង្កើតជា Software នេះឡើង។
លោកបញ្ជាក់ថា ចំពោះលក្ខណៈពិសេសរបស់ Server នេះមាន៣សំខាន់ៗគឺ ទី១៖គ្រប់ទិន្នន័យទ័ពទាំងបរិមាណ និងគុណភាព, ទី២៖គ្រប់គ្រង់សម្ភារៈបច្ចេកទេសទ័ព និងទី៣៖ការគ្រប់គ្រងបរិក្ខារបស់កងទ័ព ហើយកំពុងអភិវឌ្ឍន៍ជាបន្តៗ ទៀតតាមការជាក់ស្តែងលើការងារនេះ។
ឧត្តមសេនីយ៍ទោរូបនេះ បន្ថែមថា នៅពេលរៀនចប់វគ្គនឹងចែក Computer Serverនេះ ទៅតាមបណ្តាកអង្គភាពចំណុះអគ្គបញ្ជាការ ដើម្បីសម្រួលក្នុង ការងារចំពោះមុខ ដូចបណ្តាប្រទេសជឿនលឿនដែរ ដោយប្រើប្រាស់ធនធាននៃកងយោធពលខេមរភូមិន្ទផ្ទាល់ ហើយមានសុវត្ថិភាពដូចប្រទេសជឿនលឿនអញ្ចឹងដែរ។
លោក ខៀវ សុខា លើកឡើងថា បច្ចុប្បន្ននេះយើងបានធ្វើដល់ជំហានទីមួយហើយ គឺការគ្រប់ទិន្នន័យទ័ពដោយប្រពន្ធព័ត៌មានវិទ្យា ហើយនឹងបន្តធ្វើកិច្ចការឲ្យបានឆាប់ៗនាពេលខាងមុខ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ឲ្យប្រើប្រាប់ទិន្នន័យថ្មីនេះ ទូទាំងកងយោធពលខេមរភូមិន្ទ ចំណុះអគ្គបញ្ជាការ ដោយបច្ចុប្បន្ននេះ បានដាក់ប្រើប្រាស់នៅទូទាំងអគ្គបញ្ជាការហើយ ដោយឡែកនៅតាមបណ្តាកងពល និងនៅតាមបញ្ជាការដ្ឋានពេលរៀនចប់នឹងចែក Sever នេះជូន។
សូមបញ្ជាក់ថា ដោយមានការចូលរួមឧបត្ថម្ភពី កងទ័ពរំដោះប្រជាជនវៀតណាមនូវកុំព្យូទ័រចំនួន១២គ្រឿង អាចយកវត្តមានតាមរយៈស្កែនម្រាមដៃ ហើយដោយមើលពីចំណុចខ្វះខាត លើការគ្រប់គ្រងទិន្នន័យកងទ័ពពីសម័យមុន ការគ្រប់គ្រងមានលក្ខណៈជាក្រដាស ដូចនេះលំបាកក្នុងការស្វែងរក និងងាយនឹងការបាត់បង់ដោយប្រការផ្សេងៗ ហើយចាប់តាំងពីឆ្នាំ២០១៣មក ទីចាត់បុគ្គលិកបានខិតខំកែសម្រួលតាមរយៈទិន្នន័យថ្មីសម័យទំនើប ដោយបញ្ចូលទៅក្នុង ប្រព័ន្ធ Serverដូចនេះ នៅតាមបណ្តាអង្គភាពទាំងអស់ លែងព្រួយបារម្មណ៍រឿងបាត់បង់ឯកសារទៀតហើយ ដោយមានការិយាល័យមួយសម្រាប់ថែរក្សាឯកសារកងទ័ពទាំងអស់ គឺការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិព័ត៌មានវិទ្យា ហើយទិន្នន័យនេះ ឲ្យដឹងលម្អិតពីប្រវត្តិរបស់យោធិនម្នាក់ ហើយក្រុមការងារនឹងខិតខំអភិវឌ្ឍខ្លួន ជាបន្តបន្ទាប់ឲ្យទាន់បច្ចេកវិទ្យាសម័យទំនើបនេះ៕