(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំងផ្ទុះមីន និងដាក់ឲ្យកម្លាំងដោះមីនរបស់អង្គការ Halo Trust ចុះដោះមីននៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជំាក្សាន្ត ខេត្តព្រះវិហារនោះ នៅរសៀលថ្ងៃដដែលនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបន្តដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ រួមមានស្ត្រីទើបសម្រាលកូនរួចចំនួន៧០នាក់ និងក្រុមគ្រួសារដែលមាន សមាជិកគ្រួសារទទួលមរណភាព ចំនួន១១គ្រួសារ ក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បាននាំយកនូវថវិកា និងអំណោយមួយចំនួនជូន ដល់ស្ត្រីទើបឆ្លងទន្លេរួច និងក្រុមគ្រួសារមានសមាជិកទទួលមរណភាព ដោយស្ត្រីទើបសម្រាលកូនរួច ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល សារ៉ុង១ និងក្រមា១។ ចំណែកអ្នកមានសមាជិកគ្រួសារ ទទួលមរណភាពទទួលបានថវិកា ១០ម៉ឺនរៀល និងក្តាមឈូស១ផងដែរ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បាននាំនូវការសាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូន។

លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានប្រាប់ឲ្យបងប្អូនដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ សូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលនៅសល់តែ១ខែទៀតប៉ុណ្ណោះ៕