Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី​ ម៉ម ប៊ុនហេង ថ្លែងអំពាវដល់ប្រជាពលរដ្ឋ ត្រៀមខ្លួនទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណ្ណត្ដិទី៤ នៅខែមិថុនា ខាងមុខនេះ

05-05-2017 19:10

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង​ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជិត១,០០០នាក់ ដោយឥតគិតថ្លៃ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ឧសភានេះ។

រដ្ឋមន្ដ្រីបន្ដថា «សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ឲ្យបានគ្រប់ៗគ្នា ហើយត្រូវភ្ជាប់ជាមួយនឹង អត្ដសញ្ញាណបណ្ណទៅផង ដែលការជ្រើសរើសរបស់បងប្អូន ជាការចូលរួមចំណែកដ៏ធំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចជាសព្វថ្ងៃនេះចឹង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងខិតខំប្រឹងប្រែង គ្រប់ពេលវេលា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»

លើសពីនេះ រដ្ឋមន្ដ្រី​ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បើកបរ កុំពិសាគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា កុំសេពគ្រឿងញៀន សម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យបានស្អាតជានិច្ច ពិសេសកុំឲ្យមានកន្លែងទឹកដក់នៅតាម សំបកកង់ឡាន កំប៉ុងផ្សេង ដែលអាចបណ្ដាលឲ្យមានដង្កូវទឹកនៅក្នុងរដូវវស្សា ព្រោះកុំឲ្យមានជម្រកមូសខ្លា មូសដែកគោល បណ្ដាលឲ្យមានជំងឺឆ្លងនានាផងដែរ។

គួរបញ្ជាក់ផងដែរ ការចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ មានជំងឺ លើសឈាម, ច្រមុះ, ត្រចៀក, ភ្នែក, ពិនិត្យផ្ទៃពោះ និងជំងឺទូទៅផ្សេងៗទៀត៕