(ព្រះវិហារ)៖ បន្ទាប់ពីមានហេតុការណ៍ ផ្ទុះគ្រាប់មីនជាច្រើនលើក នៅភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលប្រជាពលរដ្ឋស្លាប់ និងរបួសនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំលោក Matt Haw ដែលជានាយកអង្គការដោះមីន Halo Trust ដើម្បីចុះពិនិត្យទីតាំងផ្ទុះមីន និងតម្រូវឲ្យដាក់កម្លាំងដោះមីន នៅភូមិសាស្ត្រទីនោះជាបន្ទាប់។
ភូមិសាស្ត្រដែលត្រូវយកចិត្តទុកដាក់ ដោះមីនជាបន្ទាប់ ដើម្បីការពារអាយុជីវិត របស់ប្រជាពលរដ្ឋនេះ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីប្រជាពលរដ្ឋបានទះឃើញ គ្រាប់មីនជាច្រើនប្រភេទ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា ការងារដោះមីន នៅតំបន់ដែលមានបងប្អូនប្រជាពលរដ្ឋរស់នៅ គឺជាសកម្មភាពអាទិភាពបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីនកម្ពុជាផងដែរ ដោយរាជរដ្ឋាភិបាលកម្ពុជា មិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ ត្រូវរងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៀតឡើយ។ ដូច្នេះទើបអាជ្ញាធរមីន ជំរុញឲ្យអង្គការដោះមីន Halo Trust ដាក់កម្លាំងដោះមីន នៅក្នុងភូមិសាស្ត្រខាងលើជាបន្ទាប់ ទាំងនៅក្នុងភូមិរបស់អ្នកស្រុក និងជុំវិញភូមិ ដើម្បីបង្ការ ទប់ស្កាត់ ការរងគ្រោះដោយសារគ្រាប់មីន។
បើតាមលោកទេសរដ្ឋមន្ត្រី សេរី កុសល ក្នុងភូមិសាស្ត្រខាងលើ បងប្អូនប្រជាពលរដ្ឋធ្លាប់បានរងគ្រោះដោយសារគ្រាប់មីន៥-៦ដងរួចមកហើយ បណ្តាលឲ្យស្លាប់ និងរបួសផងដែរ។
ជាមួយគ្នានេះ អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើបានឃើញគ្រាប់បែក គ្រាប់មីន សូមកុំប៉ះពាល់ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចជាបន្ទាន់៕