(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានឃាត់មេខ្យល់៥នាក់ ដែលបំផុសបំផុលយកលុយពីពលរដ្ឋរាប់ពាន់ដុល្លារ ជាថ្នូរនឹងការបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន មានប្រាក់បៀវត្សខ្ពស់តាមរយៈក្រុមហ៊ុន «លីមីតធីត ខូអិលធិឌី» បណ្តុះបណ្តាលវិជ្ជាជីវៈពលករ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលឈានដល់ប្រតិបត្តិការនេះ មានប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិព្រៃខែ្មរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្តឹងសមត្ថកិច្ចមូលដ្ឋានថា មានក្រុមហ៊ុនឈ្មោះ «លីមីតធីត ខូអិលធិឌី» បណ្តុះបណ្តាល វិជ្ជាជីវៈពលករ បានឆបោកប្រជាពលរដ្ឋ ខ្មែរមិនតិចជាង៤០នាក់ ថានាំយកទៅធ្វើការនៅប្រទេសជប៉ុន ដោយម្នាក់ៗតម្រូវឲ្យបង់ប្រាក់ជាមុនចំនួន២០០ដុល្លារ។
ដោយទង្វើទាំងនេះខុសប្រក្រតី ទើបសមត្ថកិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចបានរាយការណ៍ប្រាប់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមករួម សហការត្រួតពិនិត្យក្រុមហ៊ុនមួយនេះ តើស្របច្បាប់ដែរឬទេ?
ប្រភពដដែលបន្ថែមថា បន្ទាប់ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកដល់ទើបដឹងថា ក្រុមហ៊ុនមួយនេះ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ។
មន្ត្រីក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនបោកប្រាស ហើយក៏ឃាត់ខ្លួនស្ត្រីម្នាក់ជាមេខ្យល់ឈ្មោះ យាយ ហៀង អាយុ៦៦ឆ្នាំ ដែលគាត់អះអាងថា ជាសាច់ញាតិរបស់ប្រធានក្រុមហ៊ុន និងអ្នករួមគំនិត៤នាក់ទៀត ដើម្បីសាកសួរ និងអនុវត្តតាមច្បាប់។
ប្រជាពលរដ្ឋដែលរងគ្រោះដោយចាញ់បោកក្រុមហ៊ុនខាងលើ បានឲ្យដឹងថា ក្រុមហ៊ុននេះ ពីមុនមានទីតាំងនៅជិតស្ពានដែក ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលកាលនោះបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋថា នឹងនាំទៅធ្វើការនៅប្រទេសជប៉ុន ហើយឲ្យបំពេញ បែបបទដោយដំបូងបង់ប្រាក់ចំនួន៥០ដុល្លារ ជាមុនសិននៅពេលដែលរៀបចំឯកសារសព្វគ្រប់ នឹងតម្រូវឲ្យបង់បន្ថែមចំនួន១៥០ដុល្លារទៀត ដែលនេះមិនទាន់គិតពីចំណាយផ្សេងៗទៀតនៅឡើយទេ។
លុះមកដល់ថ្ងៃកើតហេតុ មិនដឹងរឿងអី ស្រាប់តែក្រុមហ៊ុនបានរើទីតាំងពីខណ្ឌដង្កោ មកដាក់ទីស្នាក់ការនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យវិញ និងដោយ ពិនិត្យឃើញថា ក្រុមហ៊ុនមានភាពមិន ប្រក្រតីមិនប្តូរស្លាកយីហោសម្រាប់មកនៅទីតាំងខាងលើ ទើបប្រជាពលរដ្ឋរងគ្រោះ ទាំងនោះកើតមានការសង្ស័យក៏ប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍តែម្តង ខណៈដែលមានប្រជាពលរដ្ឋប្រមាណ ២៤នាក់ បានមកចុះឈ្មោះទៅធ្វើការនៅប្រទេសជប៉ុន ដោយបង់ប្រាក់ចំនួន៥០ដុល្លារ ជាមុនទៅហើយនោះ។
មកដល់ពេលនេះសមត្ថកិច្ចមូលដ្ឋាន និងក្រសួងការងារ បានឃាត់ខ្លួនមេខ្យល់រួមជាមួយសហការី៤នាក់ទៀត យកទៅសាកសួរព័ត៌មាន ពីការនាំពលករទៅធ្វើការនៅប្រទេសជប៉ុនខុសច្បាប់នេះ៕