(អង់ការ៉ា)៖ តុលាការតួកគីនាថ្ងៃសុក្រនេះ បានសម្រេចទាត់ចោលបណ្តឹងឧទ្ធរណ៍ របស់អង្គការ Wikimedia Foundation ជុំវិញការបិទ (Block) គេហទំព័រចំណេះដឹង Wikipedia នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានរដ្ឋតួកគី ចៅក្រមនៃតុលាការក្នុងរដ្ឋធានីអង់ការ៉ា បានក្រវែងចោលនូវពាក្យបណ្តឹងឧទ្ធរណ៍ ដែលត្រូវបានដាក់ស្នើឡើងនាសប្តាហ៍នេះ ដោយគេហទំព័រមិនរកប្រាក់កំរៃដ៏ល្បី Wikimedia ដែលមានទីស្នាក់ការនៅក្នុងទីក្រុង San Fransisco នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលត្រូវបាន Block នៅទូទាំងប្រទេសតួកគីកាលពីចុងសប្តាហ៍មុន។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu របស់តួកគី គេហទំព័រ Wikipedia ត្រូវបាន Block កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារតែនៅ ពេលមន្ត្រីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានព្រមានឲ្យគេហទំព័រនេះលុបចោលនូវខ្លឹមសារនានា ដែលផ្សាភ្ជាប់ប្រទេសតួកគីទៅ នឹងក្រុមភេរវករ ប៉ុន្តែ Wikipedia បានបង្ហាញភាពរឹងទទឹងមិនព្រមធ្វើតាម៕