Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា ជួយឧបត្ថម្ភដល់ស្ត្រីមេម៉ាយជួបការលំបាក និងកើតជំងឺមហារីកស្បូនធ្ងន់ធ្ងរ

05-05-2017 18:03

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់ស្ត្រីមេម៉ាយកូនពីរឈ្មោះ សាន់ ចាន់ផល្លីន អាយុ ៤៦ឆ្នាំ កើតជំងឺមហារីកស្បូនធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយស្វាមីគាត់ជាអតីតមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទើបទទួលមរណភាពបានរយៈពេលជាង ១ខែកន្លងទៅនេះ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះ លោកស្រី សាន់ ចាន់ផល្លីន ដែលកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរនេះ ហើយ សម្ដេចសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅមើលថែទាំ និងផ្តល់ភាពកក់ក្តៅដល់កូនៗវិញ។

កូនស្រីបង្កើតទាំង ២នាក់ របស់លោកស្រី សាន់ ចាន់ផល្លីន ដែលមកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបានគិតគូរជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយ មិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ៕