(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ អញ្ជើញក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពតសរុប៤០នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅ ​​វរសេនាតូចការពារព្រំដែនគោកលេខ​៦០១ ដោយមានការចូលរួមពីលោកស្នងការរង លោកអភិបាលរងស្រុកកំពង់ត្រាច លោកអភិបាលរងស្រុកបន្ទាយមាស លោកនាយ-នាយរងការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកកំពង់ត្រាច លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច​៦០១ និង​មន្ត្រីនគរបាលវរ៦០១ សរុប​១២៥នាក់។

ក្នុងឱកាសនោះ ​​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ក៏បាននាំយកអំណោយ​របស់ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួនមីចំនួន​២០០កេស ទៅឧបត្ថម្ភជូនកងកម្លាំងវរសេនាតូច៦០១ ផងដែរ។

សូមបញ្ជាក់ថា​ ការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិ រូមមាន​៖ ថ្នាក់ស្នងការរងម្នាក់, ថ្នាក់នាយផ្នែកម្នាក់, ថ្នាក់នាយរងផ្នែកម្នាក់, ថ្នាក់នាយប៉ុស្តិ៍ម្នាក់ និងថ្នាក់នាយរងប៉ុស្តិ៍ម្នាក់។ ដោយឡែកបំពាក់ឋានន្តរស័ក្តិចំនួន៣៥នាក់មាន ថ្នាក់អនុសេនីយ៍ឯកចំនួន៧នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន៧នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន១៤នាក់ និងថ្នាក់ព្រិន្ទបាលឯកចំនួន៧នាក់៕