(ភ្នំពេញ)៖​ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ​តំណាង​សម្ដេច​កិតិ្ដព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ព្រះពុទ្ធសាសនា​ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធ​សាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សា​ការពារ សេចក្តីសុខ​សន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿង សម្បូរ សប្បាយ។

​ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស លោកស្រីឧបនាយករដ្ឋមន្ដ្រី ចូលរួម​បញ្ចុះបឋមសិលាកសាង​ចូឡាមណីចេតិយ៏ សម្រាប់តំកម្កល់ព្រះបរមសារីរិកធាតុ ឧទ្យានជាតិគិរីរម្យ នៅ​ថ្ងៃទី​០៥ ឧសភា ឆ្នាំ២០១៧។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​ បានបញ្ជាក់​​ថា ដើម្បី​រក្សាបាននូវភាពបរិសុទ្ធ ថ្លៃថ្នូរយូរអង្វែងលើវិស័យ​ព្រះពុទ្ធ​សាសានានោះ ពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនា​ទាំង​អស់ ត្រូវប្រកាន់ឲ្យបានភ្ជាប់នូវ​ការគោរពប្រតិបត្តិ​សាសនាឲ្យបានល្អ ព្រោះជាសាសនារបស់រដ្ឋ។

ជាក់​​ស្តែង នាពេលនេះបងប្អូន និងអស់លោកទាំងអស់ មានសប្បុរស​ជន ទាំងអ្នកក្នុង​ស្រុក និងនៅក្រៅប្រទេស​បានរួបរួម​កម្លាំង​សាម​គ្គីគ្នា ​ប្រមូលបច្ច័យនាំ​មកសាង​ចូ​ឡាមណីចេតិយ ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាង​មុខ​នេះ នៅត្រង់ចំណុចបេះដូង​ និងជា​ផ្នែកមួយដ៏សំខាន់បំផុត របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធ​សាសា​នា និងក្លាយ​ទៅ​ជាសមិទ្ធិផលថ្មី​មួយ​ទៀត ​នៅលើទឹកដីខេត្តកំពង់ស្ពឺ។

ម្យ៉ាងទៀតដែលជាផ្នែកមួយ ដ៏សំខាន់បានរួមចំណែកសម្រាប់​ទាក់​ទាញពុទ្ធសាសនិក និងទេសចរណ៍ឲ្យ​ចូល​មកទស្សនាបាន ឃើញគោរពប្រតិបត្តិ ក៏ដូចជំរុញ​លើ​វិស័យទេសចរណ៍ធម្មជាតិ និងទេសចរណ៍សាសនា វប្បធម៌ ជាតិខ្មែរ កាន់តែល្បីនៅ​ក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ ឲ្យបានកាន់តែល្បី និង​រីកចម្រើនបានថែម​មួយកម្រិតទៀត។

​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហម និង​រាជរដ្ឋាភិបាល ​​ពិតជាមានសេចក្តី​សោ​ម​នស្សរីក​រាយ ដោយបានចូលរួមជាមួយ​ លោក លោកស្រី ​​អ្នក​នាង​កញ្ញា លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបញ្ចុះ​បឋម​សិសា​ចូឡាម​​ណីចេតិយ សម្រាប់តម្កល់​ព្រះបរមសារីរិកធាតុ នៅក្នុងសួនជាតិគិរីរម្យខេត្តកំពង់​ស្ពឺ នាពេលនេះ។

ដូច្នេះ​ព្រឹត្តិការណ៍នេះ ពិតបានឆ្លុះបញ្ចាំងឲ្យឃើញមហាសាមគ្គីភាព ក្នុងសង្គមកម្ពុជាទាំងមូល ដែល​ជួបជុំគ្នា សម្ដែងសេចក្តីស្រឡាញ់ទៅវិញទៅមក តាមមាគ៌ាព្រះពុទ្ធសាសានា រួមចំណែកកាត់បន្ថយ ​និងលប់បំបាត់​អំពើអកុសល អំហឹង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្តិភាព ដ៏​ពេញលេញជាមួយ​សុខមាល​ភាពផ្លូវកាយ ផ្លូវចិត្ត​ ដែលធ្វើឲ្យសង្គមជាតិ​កាន់តែអភិវឌ្ឍន៏ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ដូច្នេះ  ពិធីសាសនា​សំខាន់មួយនេះ នឹងបានចូលរួមលើ​ស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន​ទូលំទូលាយ​ឡើង ដើម្បី​បុព្វហេតុសន្តិភាព សុខដម​រមនាក្នុងសង្គម និងការអភិវឌ្ឍនសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា កម្ម​ករ កម្មការិនីទាំង​អស់ សូមកំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសឃុំ-​សង្កាត់ ឲ្យបានគ្រប់ៗគ្នា ​នៅ​ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧​នេះ កុំបីខកខានឡើយ​៕