(កំពង់ធំ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៦៧៣នាក់ (ឃុំទំរីងចំនួន៤០០នាក់ និងឃុំសុចិត្រចំនួន២៧៣នាក់) នៅឃុំទំរីង ស្រុកសណ្តាន់។ នៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា «អ្នកធ្វើវាមិនដែលល្អឥតខ្ចោះ ដូចអ្នកថានោះទេ!»។
លោក សុខ លូ បានថ្លែងទៀតថា លោកពិតជាមានសេចក្តីរីករាយណាស់ដែលបានចូលរួមកម្មវិធីនេះ ហើយលោកក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មករួមរស់ក្រោមដំបូលតែមួយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សមានសមត្ថភាព ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ហើយសមិទ្ធផលនានា ដែលយើងមានសព្វថ្ងៃ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាយើង។
លោកបានបញ្ជាក់ថា «គណបក្សប្រជានកម្ពុជា និយាយតិចតែធ្វើច្រើន ជាគណបក្សធ្វើពិត មិនដែលដើរសន្យាចោលនោះទេ»។
លោកបានបន្ថែមថា កន្លងមកមានគណបក្សមួយចំនួនដើរឃោសនា បោកប្រាស់ប្រជាពលរដ្ឋយើង ដោយសន្យាខ្យល់ ដូចជា៖ ផ្តល់ថវិកាឲ្យចាស់ៗ ពី៤០.០០០រៀល ទៅ៨០.០០០រៀល ដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការ ចាប់ពី១.៥០០.០០០រៀលឡើង ផ្តល់ថវិកាដល់ឃុំ-សង្កាត់៥០ម៉ឺនដុល្លារ ពិសេសគេសន្យាថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុល ដែលបងប្អូនបានជំពាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន។
លោក សុខ លូ បានសង្កត់ធ្ងន់ថា «ធម្មតាយើងជំពាក់លុយគេ ត្រូវតែសង មិនអាចលុបបំណុលចោលបានទេ សូមបងប្អូនកុំជឿការឃោសនា ដែលធ្វើឲ្យប្រទេសជាតិក្រឡាប់ចាក់ឲ្យសោះ តែអ្វីដែលរដ្ឋាភិបាលអាចធ្វើបានគឺខិតខំប្រឹងប្រែង ប្រជុំជាមួយម្ចាស់មីក្រូហិរញ្ញវត្ថុ ឲ្យបញ្ចុះការប្រាក់ដោយកំណត់អត្រាការប្រាក់មិនឲ្យលើសពី១៨%ទេក្នុងមួយឆ្នាំ»។
លោកលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ ហើយបន្តរួមសុខរួមទុក្ខជាមួយ បងប្អូនគ្រប់កាលៈទេសៈទាំងអស់។ បន្ទាប់ពីស្តាប់ការសំណេះសំណាលរួចមក បងប្អូនកាន់តែបានយល់ច្បាស់ថែមទៀត ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាបោះឆ្នោតជូន CPP ឲ្យបានគ្រប់ៗគ្នា។ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ! បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង!»៕