(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
ការរៀបចំកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជានេះធ្វើឡើង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈក្នុងវិស័យ អចលនទ្រព្យដល់សមាជិក សមាជិកា និងសារធារណជន ឲ្យបានយល់ច្បាស់កាន់តែទូលំទូលាយពីវិស័យនេះ។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស សំខាន់ៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអចលនទ្រព្យ មកពី៨ប្រទេស ក្នុងតំបន់អាស៊ាន អាមេរិក តៃវ៉ាន់ ព្រមទាំងមានការចូលពីបណ្ដា ម្ចាស់អាជីវកម្ម ម្ចាស់អភិវឌ្ឍន៍អចលនទ្រព្យធំៗ និងអ្នកវិនិយោគ ជាតិ និងអន្ដរជាតិប្រមាណ៤៥០នាក់ផងដែរ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា «ព្រឹត្តិការណ៍នេះ គឺជាលើកដំបូងនៅកម្ពុជា ហើយយើងនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដែលថ្ងៃទី១ សមាគមនឹងប្រជុំប្រធានសមាគមអាស៊ាន ចំនួន៨ប្រទេស, ថ្ងៃទី២ ការចែករំលែកបទពីសោធន៍វិស័យដីធ្លីរបស់ប្រធានសមាគម៨ប្រទេស, និងថ្ងៃទី៣
ជាថ្ងៃដែលម្ចាស់គំរោង៤នាក់ និងវាគ្មិនកិត្តិយស៣នាក់ និងចូលរួមចែករំលែកបទពិសោធន៍ដល់សាធារណជន»។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងនាសណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ អាស្រ័យហេតុនេះសូមស្នើដល់ក្រុមហ៊ុន ជាសមាជិកសមាគមទាំងអស់ ដើម្បីជួយជាវសំបុត្រចូលរួមឲ្យបានគ្រប់ៗគ្នា ដោយសំបុត្រមួយសន្លឹកតម្លៃ៧០ដុល្លារ សម្រាប់សមាជិសមាគម និង១០០ដុល្លារសម្រាប់ សម្រាប់អ្នកមិនមែនជាសមាជិក៕