(សៀមរាប)៖ សាលរបាំដែលស្ថិតក្នុងប្រាសាទតាព្រហ្ម បាននិងកំពុងជួសជុល ដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយគម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។
លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានរៀបរាប់ពីការងារជួសជុល ដែលលោកពន្យល់ថា ការជួសជុលនេះ គឺស្ថិតក្នុងគម្រោងដំណាក់កាលទី២ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧នេះ ហើយតាមគម្រោង ការជួសជុលនេះគ្រោងនឹងបញ្ចប់នៅរយៈពេល ២ឆ្នាំបន្ទាប់។
តាមអ្នកគ្រប់គ្រង លើការងារជួសជុល សាលរបាំត្រូវបានជួសជុលក្នុងដំណាក់កាលទី១ គឺនៅក្នុងឆ្នាំ២០១០ អ្នកជំនាញបានប្រើពេលជាង២ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្តើមការងារជួសជុលនៅចុងឆ្នាំ២០១២។ តាមការបញ្ជាក់ពីលោក ចាន់ ឡាយ ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ២០១៤។ ចំណែកក្នុងដំណាក់ទី២គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាល។
ក្រៅពីនេះ លោក ចាន់ ឡាយ បន្ថែមថា ក្រុមការងារបានកំពុងធ្វើកំណាយទៅជ្រុងខាងត្បូងផងដែរ ដើម្បីពិនិត្យមើលគ្រឹះរបស់វា ហើយបើអ្នកជំនាញឃើញថា គ្រឹះវាខ្សោយ គេនឹងចាប់ផ្តើមពង្រឹងគ្រឹះវាឡើងវិញ។
យ៉ាងណាក្តី បើទោះជាការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាតក៏ពិតមែន តែតាមគម្រោងនេះ អ្នកជំនាញនឹងទុកផ្នែកខ្លះ ដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុចដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការជួសជុលនោះ។
សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ គឺមុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ ហើយដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់ ដោយឡែកក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។
បច្ចុប្បន្នគម្រោងជួសជុលសាលរបាំ ស្ថិតក្នុងគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម។ គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕