
សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា៖ គ្មានហានិភ័យកើតឡើងចំពោះ វិស័យអចលនទ្រព្យនៅកម្ពុជាឡើយ ទោះបីការបោះឆ្នោតខិតជិតមកដល់
05-05-2017 15:34
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោក ចេង ខេង បានបង្ហាញពីជំហររឹងមាំមួយលើវិស័យដីធ្លីនៅកម្ពុជាថា មិនមានហានិភ័យណាមួយកើតឡើងនោះឡើយ បើទោះបីជាការបោះឆ្នោតខិតជិតចូលមកដល់ក៏ដោយ។ ការលើកឡើងបែបនេះរបស់លោកធ្វើឡើង នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី «សន្និបាត និងពិព័រណ៍អចលទ្រព្យកម្ពុជា ឆ្នាំ២០១៧» នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោក ចេង ខេង បានថ្លែងឲ្យដឹងថា មតិមួយចំនួនចេះតែមានការភ័យខ្លាច ព្រោះតែការបោះឆ្នោតខិតជិតចូលមកដល់ ខ្លាចវិស័យដីធ្លីមានការធ្លាក់ចុះ។ លោកថា «ចំពោះខ្ញុំជឿជាក់ថា មិនមានបញ្ហាប៉ះពាល់រឿងបោះឆ្នោតនោះឡើយ ដោយសារតែការបោះឆ្នោតនេះមិនមែនជាលើកទី១ ឬទី២នោះទេ សម្រាប់កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ មិនថា វិស័យនយោបាយ ឬវិស័យដីធ្លីនេះទេ សំខាន់ឲ្យតែយើងធ្វើអ្វីទៅតាមជំនាញនីមួយៗ គឺមិនមានអីគួរឲ្យព្រួយបារម្ភ ឬភ័យខ្លាចឡើយ»។
លោកបន្ដទៀតថា វិស័យដីធ្លីអាចឲ្យយើងឆ្លៀតឱកាសរកប្រាក់ចំណេញគ្រប់ពេលវេលា មួយវិញទៀត ប្រសិនបើគេកាន់តែភ័យខ្លាចនឹងរឿងវិស័យដីធ្លី នេះជាឱកាសដ៏ល្អមួយសម្រាប់យើង ក្នុងការវិនិយោគ នាពេលដែលគេកំពុងភ័យខ្លាចលើវិស័យនេះ នាពេលដែលជិតបោះឆ្នោតនេះ។
លោកថា «ប៉ុន្មានឆ្នាំមកនេះវិស័យដីធ្លី មានការកើនឡើងជាលំដាប់ ព្រោះដោយសារកំណើនប្រជាជនកើនឡើងជារៀងរាល់ឆ្នាំ កាលមុនទីក្រុងភ្នំពេញ មិនរីកដុសដាលធំធេងដូចពេលនេះទេ តែឥឡូវគឺមានការរីកចំរើនជាលំដាប់ មានបុរីគ្រប់ទិសទី គ្រប់ទីកន្លែង ហើយចំពោះដីឡូត៍ពុះលក់វិញ គឺមានការរីកចំរើនទៀតផងដែរ»។
លោកបានបញ្ជាក់ថា ដើម្បីកុំឲ្យមានហានិភ័យលើវិស័យដីធ្លី នាពេលជិតបោះឆ្នោតនេះ អ្នកវិនិយោគវិស័យដីធ្លីគួរតែរកអ្នកជំនាញខាងវិស័យដីធ្លីណែនាំដល់ខ្លួន ឲ្យបានច្បាស់ ជៀសវាងកុំឲ្យមានការខាតបង់៕