(ព្រៃវែង)៖ ពិតជាគួរឲ្យរន្ធត់ ដោយអ្នកកាសែត២នាក់ ម្នាក់នៅអង្គភាព Cambodia Post និងម្នាក់ទៀតនៅអង្គភាពទូរទស្សន៍នាគព័ន្ធ (NTV) បានបើករថយន្ដម៉ាកទីកូ ទៅបុករថយន្ដកុងតឺន័រ ចំពីមុខពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចំណុចភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយ រថយន្តម៉ាកទីកូ ពណ៌ឈាមជ្រូក ស្លាកលេខភ្នំពេញ 2I-4693 បើកបរដោយឈ្មោះ ធូ ធី អាយុ២៥ឆ្នាំ នៅភូមិគោខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ដោយបើកក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានរេចង្កូតមកឆ្វង បុកចំពីមុខរថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ឈាមជ្រូក ស្លាកលេខភ្នំពេញ 4A-0905 អ្នកបើកបររថយន្តបង្ក រងរបួសធ្ងន់ និងរួមដំណើរឈ្មោះ គង់ ហ៊ីម អាយុ៣៥ឆ្នាំ រស់នៅភូមិចំរ៉េះ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ស្លាប់នៅកន្លែង។ ដោយឡែកភាគីរថយន្ដកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅគ្លីនិកឯកជន ចំណែករថយន្ត ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមច្បាប់។
បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះទាំង២នាក់ កំពុងធ្វើដំណើរចេញពីកន្លែងជប់លាងមួយ ហើយសង្ស័យមានអការៈស្រវឹងផងដែរ៕