(យ៉ូកូហាម៉ា)៖ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ជប៉ុន ឡាវ មីយ៉ាន់មា និងធនាគារពិភពលោក (WB) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតក្រុមការងារ បច្ចេកទេស «ការធានារ៉ាប់រង និងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ» ដើម្បីបង្កើតក្រុមការងារបច្ចេកទេស រៀបចំយន្តការធានា រ៉ាប់រងលើហានិភ័យ ដែលបណ្តាលមកពីគ្រោះមហន្តរាយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលនឹងចាប់ផ្តើមដំបូងគេនៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ដោយភាគីកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីជប៉ុនតំណាងដោយលោក មីណូរុ ខារ៉ា អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ភាគីមីយ៉ាន់ម៉ាតំណាងដោយ លោក យូ ក្វាន់វីន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងផែនការ ភាគីឡាវតំណាងដោយលោកអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងភាគីធនាគារ ពិភពលោក តំណាងដោយលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោក។
លោក វង្សី វិស្សុត បានឲ្យដឹងថា យន្តការធានារ៉ាប់រងហានិភ័យ បណ្តាលមកពីគ្រោះមហន្តរាយ គឺជាឧបករណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការផ្តល់ការឆ្លើយ តបទៅនឹងហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដែលហានិភ័យនេះ អាចជះឥទ្វិពលខ្លាំង មកលើសេដ្ឋកិច្ច និងថវិកាជាតិ ជាពិសេសមកលើជីវភាពរបស់ប្រជាជន ដែលទទួលរងគ្រោះនៅក្នុងពេលជួបគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ។
លោក វង្សី វិស្សុត បានបន្តថា «ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីយន្តការធានារ៉ាប់រងខាងលើនេះ យើងចាំបាច់ត្រូវធានា ឱ្យយន្តការនេះ អាចដំណើរការទៅបាន ដោយរលូន និងប្រសិទ្ធភាព ព្រមទាំងសមស្របទៅតាមតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ ប្រទេសហត្ថលេខីនីមួយៗ»។
លោកបានលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេស ឱ្យធ្វើការសហការគ្នាដោយជិតស្និទ្ធ ដើម្បីសម្រេចឱ្យបានលទ្ធផលនៃការសិក្សាមួយ ប្រកបដោយភាពច្បាស់លាស់ និងមានភាពប្រាកដនិយម សម្រាប់ដាក់ជូនថ្នាក់ដឹកនាំធ្វើការសម្រេចចិត្ត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងសម្របសម្រួល ឱ្យមានការចុះហត្ថលេខាលើ MoU ដ៏មានសារៈសំខាន់នេះ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព និងការរក្សាសន្តិភាព ព្រមទាំងការស្តារ និងការអភិវឌ្ឍកម្ពុជា។
សូមបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បាននិងកំពុងប្រឈមមុខយ៉ាងខ្លាំង ទៅនឹងផលប៉ះពាល់បណ្តាលមកពី គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ តាមការសង្កេតបានបង្ហាញថា ប្រមាណ ៨៥% នៃគ្រោះមហន្តរាយ និងប្រមាណ ៧៥% នៃការខាតបង់ខាងសេដ្ឋកិច្ច គឺបង្កឡើងដោយសារកត្តាពាក់ព័ន្ធនឹងអាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម។ ប្រទេសកម្ពុជា ឡាវ និងម៉យ៉ាន់ម៉ា បាននិងកំពុងប្រឈមមុខនឹងការខាតបង់យ៉ាងច្រើនជារៀងរាល់ឆ្នាំ៕