(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើសុំឲ្យលោក មាស ឆពណ្ណ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ណែនាំដល់គណបក្សនយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាននូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងផ្លូវ, ទីសាធារណៈ និងទីប្រជុំជនរួមមាន៖
១៖ ផ្លួវនានាដែលត្រូវចៀសវាងក្នុងការហែក្បួនរួមមាន កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង), មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីមៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន), កំណត់មហាវិថីទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហឹង), កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវ ១៥៤ ដល់មហាវិថីព្រះសីហនុ), មហាវិថីព្រះសុរាម្រិត, ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ និងផ្លូវលេខ១៨៩)។
២៖ ទីប្រជុំជនដែលត្រូវចៀសវាងការប្រមូលផ្តុំ និងហែក្បួន រួមមាន៖ ផ្លូវជុំវិញផ្សារធំថ្មី, ផ្លូវជុំវិញផ្សារអូរឫស្សី, ផ្លូវជុំវិញផ្សារអូឡាំពិក, ផ្លូវជុំវិញផ្សារទួលទំពួង, ផ្លូវជុំវិញផ្សារផ្សារដេប៉ូ និងផ្លូវជុំវិញផ្សារផ្សារដើមគរ។
៣៖ ទីសាធារណៈ ដែលត្រូវចៀសវាងការប្រមូលផ្តុំរួមមាន សួនព្រះបរមរាជវាំង, ទីធ្លាមេរុ, សួនមុខវត្តបទុមវត្តី (តែអនុញ្ញាតនៅទីវាលការីឡាចុង ខាងត្បូងសួនច្បារវត្តបទុវត្តី), ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល, ទីធ្លារូបសំណាកលោកយាយពេញ, សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ, និងសួនច្បារសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា គណបក្សនយោបាយទាំង១២ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្តើមធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោតរៀងៗខ្លួន ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕