(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីបំភ្លឺដ៏សំខាន់មួយនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ លើករណីនាំចេញខ្សាច់ស៊ីលីកា ទៅក្រៅប្រទេស ព្រមទាំងបែកធ្លាយរូបភាពរបស់កញ្ញា លី គីមស័រ កាន់លុយជាមួយលោកស្រី មូរ សុខហួរ ។ នៅព្រឹកថ្ងៃនេះដែលនេះកញ្ញា លី គីមស័រ បុគ្គលិករបស់អង្គការចលនាមាតាធម្មជាតិ មានតួនាទីជាអ្នកបណ្តុះបណ្តាលផ្នែកស្រ្តីលើការតស៊ូមតិដោយអំពីអហិង្សា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ទទួលស្គាល់ថា ខ្លួនអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។
កញ្ញាបានបញ្ជាក់ថា អំពីទីតាំងដែលកប៉ាល់ដឹកខ្សាច់ ដែលបានថតផ្សាយវិដេអូតាមរយៈបណ្តាញសង្គមនាពេលកន្លងមកនោះ គឺកញ្ញាបានដឹងពីប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋនៅទីនោះមិនបានដឹងច្បាស់អំពីប្រភេទខ្សាច់ណាត្រូវបានហាមនាំចេញនោះទេ, ហើយបើមានការពន្យល់ច្បាស់ ពីសំណាក់ក្រសួងរ៉ែ និងថាមពល ជាការល្អរីករាយនិងទទួលយក។ ទោះបីយ៉ាងណាកញ្ញាបានបញ្ជាក់ថា កញ្ញាយកលុយពីសកម្មជននានាជូនលោកស្រី មូរ សុខហួរ មិនមែនលោកស្រីឲ្យកញ្ញានោះទេ។
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីបំភ្លឺដ៏សំខាន់មួយ ជុំវិញករណីនាំចេញខ្សាច់ស៊ីលីកា ដោយក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅក្នុងលិខិតថា ការចោទប្រកាន់របស់សកម្មជនអង្គការមាតាធម្មជាតិឈ្មោះ លី គីមស័រ គឺជាទង្វើខុសពីការពិត។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកវិភាគចៅចាក់ស្មុក ថ្លែងឲ្យដឹងថា តាមការលើកឡើង និងរូបភាពទាំងនេះអាចបង្ហាញថា ជាសកម្មជនរបស់គណបក្ស សង្រ្គោះជាតិ បាននឹងកំពុងជ្រកក្រោមស្លាក NGO ដើម្បីរិះគន់វាយប្រហារលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អ្នកវិភាគចៅចាក់ស្មុក ដែលជាអ្នកវិភាគកណ្តាលបានបន្តលើកឡើងថា តាមព័ត៌មានជាច្រើនដែលទទួលបាននាពេលកន្លងមក មានបុគ្គលិករបស់អង្គការ មួយចំនួនទៀត ក៏បាននឹងកំពុងលួចបម្រើសកម្មភាពគាំទ្រដល់គណបក្សប្រឆាំងផងដែរ៕