(កំពង់ឆ្នាំង)៖ ឡសម្រាប់សម្ងួតក្រណាត់ ស្ថិតនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ «តឹក ហ្វុក ហ្គាមេន លីមីធីត» នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងឃុំលង្ហែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានផ្ទុះចេញជាផ្សែងខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករ-កម្មការិនីកាត់ដេរ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្ដែសំណាងល្អគ្រោះថ្នាក់ខាងលើ មិនបណ្ដាលឲ្យរងរបួសដល់កម្មករណាម្នាក់នោះទេ ព្រោះតែកើតឡើងនៅចំពេល ក្រុមកម្មករសម្រាកចេញមកហូបបាយ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា គ្រោះថ្នាក់ផ្ទុះឡដែលស្ថិតនៅក្នុងរោងចក្រ «តឹក ហ្វុក» មិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ដោយសារតែទីតាំងឡ ស្ថិតនៅឆ្ងាយពីកន្លែងធ្វើការរបស់ក្រុមកម្មករ។
តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីត្រៀមអន្ដរាគមន៍ ខ្លាចក្រែងមានហេតុការណ៍ធ្ងន់ធ្ងរជាងនេះ។
សេចក្ដីរាយការណ៍ពីកន្លែងរោងចក្របានឲ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះឡ ខាងអ្នកគ្រប់គ្រងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនេះ បានឲ្យកម្មករចូលទៅធ្វើការវិញជាធម្មតា៕