(កំពង់ស្ពឺ)៖ រថយន្តមួយគ្រឿងប្រភេទយីឌុប បានរអិលធ្លាក់ផ្លូវ ស្រាប់តែក្អួតចេញឈើជាច្រើនម៉ែត្រគូប ពីក្នុងរថយន្ត ដែលនាំឲ្យសមត្ថកិច្ច ក៏ជាដូចជាមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការរអិលធ្លាក់រថយន្តខាងលើ នៅក្បែរស្នាក់ការរងឧទ្យានជាតិព្រះមុនីវង្ស ខេត្តកំពង់ស្ពឺ ហើយមិនរថយន្តមិនជួបគ្រោះថ្នាក់នេះ ប្រហែលជាគ្មាននរណាដឹងនោះពីសកម្មភាពដឹកជញ្ជូននោះឡើយ។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រចន្លោះគីឡូម៉ែត្រលេខ១០៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងលាយស ពាក់ស្លាកលេខកំពង់ធំ3A-1296 មានផ្ទុកឈើពេញ ហើយមិនបានឃើញម្ចាស់រថយន្តនោះទេ។
ភ្នាក់ងារ Fresh News បានរាយការណ៍នៅព្រឹកនេះថា រថយន្តខាងលើ បានរអិលធ្លាក់ផ្លូវតាំងពីអំឡុងម៉ោង១២យប់មកម្ល៉េះ តែមិនមានអ្នកណាចាប់អារម្មណ៌ ហើយសមត្ថកិច្ច ក៏មិនហ៊ានឆេកឆេរដែរ ដោយខ្លាចខុសនីតិវិធី លុះព្រឹកឡើងទើបបានឆេកទើបដឹងថា រថយន្តនេះមានដឹកឈើប្រភេទម៉ៃតាប់ (ស្រួល) ដោយមិនទាន់ដឹងចំនួនច្បាស់នៅឡើយទេ។
មន្ត្រីនៅកន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដដឹកមកពីលិចទៅកើត មកដល់ចំណុចកើតហេតុទំនងជារអិល ដោយមេឃភ្លៀង ក៏ធ្លាក់ចូលក្នុងចញ្ចើមផ្លូវ មិនអាចទៅណារួច រហូតសមត្ថកិច្ចមកទាន់នេះ។
យ៉ាងណាមិញ ក្រុមអ្នកឈរមើលហេតុការណ៍ ហាក់សម្តែងការសង្ស័យថា រថយន្តដឹកឈើយ៉ាងធំបែបនេះ បានដឹកឈើជាច្រើន ហេតុអីក៏សមត្ថកិច្ច មិនបង្រ្កាបតាំងពីលើកដាក់លើរថយន្តមក ចាំបាច់អីទាល់តែរអិលធ្លាក់ផ្លូវ ទើបឃើញមានសមត្ថកិច្ចទៅបង្ក្រាប ហើយការបង្រ្កាបនេះ នៅជិតច្រមុះ នៃស្នាក់ការរងរបស់ឧទ្យានជាតិព្រះមុនីវង្ស ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ផ្ទាល់តែម្តង៕