(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា បានបើកប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបមេក្លោងចែកចាយ គ្រឿងញៀនដ៏ធំ ព្រមទាំងបក្ខពួកសរុបចំនួន៤នាក់ ប្រចាំខេត្តព្រះសីហនុ រហូតតុលាការចេញដីកាតាមចាប់ខ្លួន បន្ទាប់ពីពួកគេបានរត់មកលាក់ខ្លួន នៅភ្នំពេញ។
ប្រតិបត្តិការតាមបង្ក្រាបក្រុមគ្រឿងញៀននេះ ខណៈពួកគេកំពុងធ្វើដំណើរ តាមរថយន្តកាមរីបាឡែនមួយគ្រឿងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយភោជនីយដ្ឋាន «ថ្មដា» ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្ដីនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារ Fresh Newsថា នៅក្នុងរថយន្តខាងលើនោះ គឺមានមនុស្ស ប្រុស-ស្រី ចំនួន៤នាក់ ដែលក្នុងចំណោម៤នាក់ គឺមាន២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅក្រុងព្រះសីហនុ (មេក្លោង) និង២នាក់ទៀតជាបក្ខពួក។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួន និងដកហូតរថយន្តយកមកអធិការដ្នាន នគរបាលខណ្ឌ៧មករា បានធ្វើការឆែកឆេរ តែមិនបានឃើញគ្រឿងញៀនទេ។ បន្ទាប់ពីសួរនាំហើយ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញា ក៏បន្តទៅឆែកឆេរនៅផ្ទះជួល មួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុខាងលើ។
បើតាមមន្រ្តីនគរបាល ក្រុមនេះមានដីការស្វែងរកចាប់ខ្លួនពីតុលាការខេត្តព្រះសីហនុ ប៉ុន្តែពួកគេបានរត់មកលាក់ខ្លួននៅភ្នំពេញ និងតែងតែប្តូររថយន្ត និងស្លាកលេខរថយន្ត ជាញឹកញ៉ាប់ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី។ តែបើតាមព័ត៌មានដែលលួចបង្ហើបនោះ បានឲ្យដឹងថា ក្នុងចំណោមក្រុមជនសង្ស័យទាំង៤នាក់ មាន០២នាក់កំពុងត្រូវបានរត់ការដោះលែង៕