(ភ្នំពេញ)៖ ប៊ែលធីគ្រុប នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានប្រារព្ធពិធី ប្រគល់ប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូប៊ែលធីសរុបចំនួន ៤៣៨នាក់ និងបានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MOU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាជូនបុគ្គលិកប៊ែលធីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៤ និងបន្តផ្តល់ជូនបុគ្គលិកទាំងអស់ ដែលបានបំពេញការងារចាប់ពី ៣ឆ្នាំឡើងទៅ ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះដែរ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានថ្លែងថា ប៊ែលធីមានគតិបណ្ឌិតរបស់ខ្លួនគឺ «សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន, Staff’s Health Is the Wealth of the Firm» ។ កន្លងមកថ្នាក់ដឹកនាំប៊ែលធីគ្រុប បានយកចិត្តទុកដាក់ទៅលើសុខភាពបុគ្គលិក និងសុវត្ថិភាពការងារ ដោយបានផ្តល់អាហារូបករណ៍សម្រាប់កូនរៀន ការដើរកម្សាន្តទៅក្រៅប្រទេស និងក្នុងប្រទេសតាមឋានានុក្រម ផ្តល់ជូនសំលៀកបំពាក់ និងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ហើយថ្ងៃនេះប៊ែលធីគ្រុប បានទិញប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេ ជំហានទី១ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដោយមិនព្រួយបារម្ភពីការចំណាយលើថ្លៃព្យាបាលករណីមានគ្រោះថ្នាក់ផ្សេងៗណាមួយ។
លោកក៏បានបញ្ជាក់ផងដែរថា ប៊ែលធី ក៏បានប្រគល់ប័ណ្ណសម្គាល់គ្រោះថ្នាក់ការងារ របស់បេឡាជាតិរបបសន្តិសុខសង្គម ជូនដល់បុគ្គលិកផ្នែកសន្តិសុខ អ្នកបើកបរ និងអ្នកបោសសំអាតរួចមកហើយដែរ។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានថ្លែងថា ក្រុមហ៊ុនហ្វតតេ ពិតជារីករាយយ៉ាងក្រៃលែងដែលមានសហការជាមួយ ប៊ែលធីគ្រុប ហើយក្រុមហ៊ុននឹងខិតខំផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូទាំងអស់របស់ប៊ែលធី ឲ្យបានកាន់តែល្អប្រសើរ។ លោកបានបន្តថា ក្រុមហ៊ុនហ្វតតេ នឹងផ្តល់ជូនសេវាធានារ៉ាប់រងពេញ ២៤ម៉ោង នៅទូទាំងប្រទេស ទៅលើសេវាកម្ម «ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល» ដូចជា ការធានាលើមរណភាព ពិការភាព ការចំណាយលើថ្លៃព្យាបាល ករណីចោរកម្ម ឬលក្ខខណ្ឌនៃការបាត់ខ្លួន ថ្លៃបុណ្យសព ពស់ចឹក និងសត្វលិ្អតទិច ឬ ខាំ ជាដើម។ សេវាកម្មធានារ៉ាប់រងនេះ អតិថិជនមានសិទ្ធិជ្រើសរើសសមាជិកក្នុងគ្រួសាររបស់ខ្លួន ដើម្បីទទួលសេវាធានារ៉ាប់រងនេះ។
ជាទីបញ្ចប់ លោក លី ឆេង និងលោក យក់ ចំរើនឫទ្ធិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ព្រមទាំងបានប្រគល់ប័ណ្ណធានារ៉ាប់រង របស់ក្រុមហ៊ុនហ្វតតេ ជូនដល់បុគ្គលិកប៊ែលធីនាពេលនោះផងដែរ៕