(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសជាផ្លូវការ ដោយបដិសេធ និងច្រានចោលទាំងស្រុង នូវការចុះផ្សាយ របស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៤ ខែឧសភានេះ ដែលបានអះអាងថា «យោធាឡាវបានបន្ថែមកម្លាំង និងបានជីកលេណដ្ឋានជាថ្មីទៀត តាមខ្សែបន្ទាត់ព្រំដែន ត្រង់តំបន់អូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា ព័ត៌មានដែលបានចុះផ្សាយនេះខុសពីការពិត មិនមានមូលដ្ឋាន និងមានចេតនាបំផ្លើស ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៤ ខែឧសភាយ៉ាងដូច្នេះថា៖ «ព័ត៌មានដែលផ្សាយ ដោយវិទ្យុអាស៊ីសេរី ជាព័ត៌មានបំផ្លើសការពិត មានបំណងបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ និងមានបំណងធ្វើឱ្យសភាពការណ៍ ចលាចលខូចសន្តិសុខជាតិ»។
លោកបានបន្ថែមទៀតថា «សព្វថ្ងៃនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ឡាវកងយោធពលខេមភូមិន្ទ កំពុងឈរជើងយ៉ាងរ៉ឹងមាំ មិនមានទាហានឡាវ ចូលមកជីកលេណដ្នានឈរជើងក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះទេ!»៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការពារ៖