(កំពង់ចាម)៖ អគ្គនាយករងកាំកុងត្រូលក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានដឹកនាំក្រុមការងារ ចុះទៅផ្សព្វផ្សាយពីនីតិវិធីទំនិញ និងការប្រកបអាជីវកម្មលក់ លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ និងវត្ថុអនុស្សាវរីយ៍ នៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ គោលបំណងដើម្បីការពារ ការលក់ទំនិញក្លែងបន្លំ ដល់ភ្ញៀវទេសចរទាំងជាតិ និងបរទេស។
លោក គឹម មាសសុខសីហា បានថ្លែងថា យុទ្ធនាការចុះត្រួតពិនិត្យនេះ គឺដើម្បីឆ្លងតបឲ្យទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ធុរជន និងអ្នកប្រើប្រាស់ ជាពិសេស ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍ ដល់អតិថិជនជាតិ និងអន្តរជាតិ ហើយក៏ដើម្បីទប់ស្កាត់ការលក់ លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ និងវត្ថុអនុស្សាវរីយ៍ ក្លែងបន្លំ នៅកម្ពុជាផងដែរ។
លោកអគ្គនាយករង បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម បានណែនាំចំពោះអាជីវករ ឬពាណិជ្ជករទាំងអស់ ត្រូវប្រកាន់ភាពស្មោះត្រង់ ក្នុងការ ធ្វើសកម្មភាពអាជីវកម្ម លក់ដូរ ចែកចាយ និងផ្សព្វផ្សាយពាណិជ្ជកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់ជូនអ្នកប្រើប្រាស់ និងចេញវិក័យបត្រឲ្យបាន ច្បាស់លាស់ ផងដែរ។ ចំពោះអ្នកប្រើប្រាស់វិញ ត្រូវមានភាពស្មោះត្រង់ចំពោះការទិញទំនិញ ហើយមុននឹងទិញប្រភេទ ទំនិញទាំងនេះ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងស្នើសុំវិក័យបត្រទិញ-លក់ពីអាជីវករ។ បន្ថែមពីលើនេះ រាល់អាជីករ ពាណិជ្ជករ ដែលប្រកប អាជីវកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿង អលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវបិទស្លាកថ្លៃ លើគ្រឿងអលង្ការ ត្បូងថ្ម មានតម្លៃ និងវត្ថុអនុស្សាវរីយ៍ជាដើម»។
លោក គឹម មាសសុខសីហា ក៏បានសំណូមពរដល់អាជីវករលក់ដូរទាំងអស់ ត្រូវមានភាពស្មោះត្រង់ ជាមួយអ្នកទិញ បើរបស់ពិតត្រូវ ប្រាប់ថា ពិត បើរបស់កាឡៃ ត្រូវប្រាប់កាឡៃ ចៀសវាងបោកប្រាស់៕