(ពោធិ៍សាត់)៖ ក្នុងចំណោមស្ត្រី២នាក់ ម្នាក់ជាអ្នកស៊ីឈ្នួលចំចំការ និងម្នាក់ទៀតជាអ្នកស៊ីឈ្នួលជំរះស្មៅឲ្យគេ ត្រូវបានរន្ទះបាញ់ស្លាប់ម្នាក់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ ពេលកំពុងជំរះស្មៅជាមួយគ្នា ខណៈមានខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ។
ហេតុការណ៍ដែលគួរឲ្យអាសូរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២៖៤០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ចំនោះ មានឈ្មោះ ១-ចេន ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកស៊ីឈ្នួលជំរះស្មៅឲ្យគេ រស់នៅភូមិឃុំអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (ស្លាប់) ២-ឈន ញឹក ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចំការឲ្យគេ រស់នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់)។
មុនពេលកើតហេតុ មានខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ ជនរងគ្រោះទាំង២នាក់ បានទៅជំរះស្មៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់ចំស្ត្រីឈ្មោះ ចេន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឈន ញឹក របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសលវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕