(ព្រះវិហារ)៖ ថវិកាជំនួយសប្បុរស៩៧៧៦៤ដុល្លារ ត្រូវបានប្រមូលក្នុង ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៤ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីនេះត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា ដើម្បីជាការរំលឹកទៅដល់ចលនាកាកបាទក្រហម ដែលតែងតែធ្វើការងារមនុស្សធម៌ មិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ឬបក្សនយោបាយអ្វីឡើយ ក្នុងការជួយប្រជាពលរដ្ឋក្រីក្រលំបាក ឫជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលរយៈពេលកន្លងមក តែងចុះជួយបានទាន់ពេលវេលា នូវរាល់បញ្ហា និងការប្រឈមនានារបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
នាយឧត្តមសេនីយ៍រូបនេះ បានសង្កត់ធ្ងន់លើការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ បានធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្ដរជាតិ ទទួលស្គាល់តាមរយៈសកម្មភាពមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង៧ចំណុច។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ចំពោះកាកបាទក្រហមកម្ពុជាដែលមានពាក្យស្លោកថា «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» គឺថារហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា មានចាប់តាំងពីថ្នាក់កណ្តាល រហូតសាខា អនុសាខាមានគ្រប់ទីកន្លែងទាំងអស់ សម្រាប់ជួយរាល់ហេតុការណ៍កើតឡើង ចំពោះជនក្រីក្រ ជនរគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ដោយគ្រោះធម្មជាតិជាដើម។
បន្ថែមពីនេះ ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ លោក សូមអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានា ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ រាល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការងារមនុស្សធម៌។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមខេត្តព្រះវិហារ កាលពីឆ្នាំ២០១៦ ប្រមូលបានជំនួយពីសប្បុរសជនជាង៨ម៉ឺនដុល្លារ៕