(ភ្នំពេញ)៖ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ ប្រធានាធិបតីហ្វីលីពីន, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី វៀតណាម និងរដ្ឋមន្រ្តីជាច្រើនរូបទៀត ក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ «វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន» ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។

ការអញ្ជើញមករបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីតំបន់អាស៉ីប៉ាស៊ីហ្វិក នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» រៀបចំឡើងក្រោមប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន៖ ការធានាគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលអាស៊ាន» និងមានការចូលរួមពីអ្នកធ្វើការសម្រេចថ្នាក់ខ្ពស់ ពីផ្នែកឧស្សហកម្ម ហើយនិងឥស្សរជនសំខាន់ៗ លើវិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិល»

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧នេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការរួមចំណែក​ពីកម្លាំងការងារវ័យក្មេង និងប្រកបដោយ ថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុងការស្ថាបនាអនាគតរបស់តំបន់។ បន្ថែមពីលើនេះ វេទិកាខាងលើ ក៏នឹងចូលរួមលើកកម្ពស់លិវិស័យវិនិយោគ ទេសចរណ៍របស់កម្ពុជាជាដើម៕

(សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា)៖