(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានជំរុញឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ទៅលើវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ សំដៅការពារសន្តិសុខជាតិ សន្តិសុខសង្គម។
លោកឧត្តមសេនីយ៍ឯកជំរុញបែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី លោកស្នងការ ស្នងការរងបច្ចេកទេស និងសន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៌ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះបទល្មើសព្រៃឈើ កន្លងទៅ តែងកើតឡើងតាមបន្ទាត់ព្រំដែន ដែលមិនមែនជាតួនាទីរបស់អាវុធហត្ថចុះទៅបង្ក្រាបបាន ហើយការគ្រប់គ្រងបទល្មើស គឺកម្លាំងកងរាជអាវុធហត្ថ ពិបាកគ្រប់គ្រងណាស់ ដោយបទល្មើសកើតមាននៅតាមព្រៃ ទីកន្លែងកើតហេតុនៅឆ្ងាយពីអង្គភាពក្រុង-ស្រុក ស្នាក់ការ និងស្ថានភាពផ្លូវមានការលំបាកសម្រាប់ឲ្យកម្លាំងចុះទៅកន្លែងកើតហេតុបានទាន់ពេលវេលា ច្រករបៀងអូរលាវ UTM0776450-1458387។
លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង បានធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ហុង វិណុល សុំកម្លាំងបន្ថែមដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស ខណៈជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថខេត្ត មានចំនួនតិចពិបាកក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការបច្ចេកទេស និងសន្តិសុខ បានលើកឡើងពីយន្តការគ្រប់គ្រងបញ្ជា បញ្ជាការពារសន្តិសុខ ត្រូវទទួលខុសត្រូវតាមភារកិច្ចតួនាទីសម្រាប់ការងារប្រចាំថ្ងៃ និងពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសផ្តោតលើបញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ សន្តិសុខសង្គមជាដើម។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានជំរុញឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីទាំងមូល ចូលរួមដោយយកចិត្តទុកដាក់បំផុតទៅលើវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ សន្តិសុខជាតិ សន្តិសុខសង្គម។
លោកឧត្តមសេនីយ៍ឯក ទទួលស្គាល់ពីផលលំបាកដល់កងកម្លាំងរាល់ការចុះបង្ក្រាបដោយមានស្ថានភាពផ្លូវមិនអំណោយផល តែត្រូវមានសមត្ថភាពឲ្យសម្រេចបានតាមផែនការថ្នាក់លើ គឺបង្កើតក្រុមការងារតាមដានរកពីទីតាំងប្រភពកើតបទល្មើស តាមរយៈការកសាងបណ្តាញ ជាមួយនឹងសហការសាមគ្គីផ្ទៃក្នុង ដឹកនាំបញ្ជាគ្រប់គ្រងឲ្យគោរពតាមភារកិច្ចតួនាទី សំខាន់មានការលើកទឹកចិត្តដល់កងកម្លាំង ផ្តល់ភាពយុត្តិធម៌ ប្រយោជន៍ឲ្យកម្លាំងមានឆន្ទៈបំពេញការងារតាមភារកិច្ច៕