(ឧត្តរមានជ័យ)៖ នៅព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានករណីខ្យល់កន្ដ្រាក់មួយប្រាវ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០២ភូមិ នៅក្នុងភូមិស៊ីលៀម ឃុំគោកមន និងភូមិគោកកប្បាស ឃុំបេង ស្រុកបន្ទាយអំពិល សរុបចំនួន២៤ខ្នង និងមានដើមឈើដួលសង្កត់មកលើប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យរងរបួសផងដែរ។
សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ ថាករណីខ្យល់កន្ត្រាក់ខាងលើ បណ្តាលឲ្យមនុស្សម្នាក់រងរបួស ឈ្មោះ ធី ភេទប្រុស អាយុ៥២ឆ្នាំ នៅចំណុចការដ្ឋានធ្វើអាងទឹកជុំ ស្ថិតនៅខាងត្បូងភូមិស៊ីលៀម ជាមេការធ្វើអាងទឹកជុំ ខណៈពេលនោះមានសភាពខ្យល់ខ្លាំងរូបគេ ក៏រត់ទៅជ្រកក្រោមដើមឈើ ហើយត្រូវដើមឈើដួលសង្កត់បាក់ជើងខាងឆ្វេង និងបានបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តភ្លាមៗ។
សមត្ថកិច្ចបន្តទៀតថា ចំពោះករណីនេះ នៅក្នុងភូមិស៊ីលៀម ឃុំគោកមន បណ្ដាលឲ្យខូតខាតផ្ទះចំនួន១០ខ្នង របើកដំបូលផ្ទះ និងដើមឈើដួល សង្កត់ប្រជាពលរដ្ឋចំនួនម្នាក់(រងរបួសបាក់ជើងខាងឆ្វេង)។ ដោយឡែក នៅភូមិគោកកប្បាស ឃុំបេង បណ្ដាលឲ្យខូតខាតចំនួន១៤ខ្នង ក្នុងនោះរបើកដំបូលផ្ទះចំនួន០៨ខ្នង របើកដំបូលផ្ទះទាំងស្រុងចំនួន០៣ខ្នង របើកដំបូលសាលាឆទានចំនួន០១ខ្នង និងរបើកដំបូលសាលារៀនចំនួន០២ខ្នង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងជួសជុលផ្ទះសំបែង ប្រជាពលរដ្ឋបណ្តុះអាសន្ន ដើម្បីស្នាក់នៅបណ្តុះអាសន្ន៕