(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវ ប្រវែង ៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពី រង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង១.៧៥០ម៉ែត្រ និងស្ពានអាកាសថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅ ម្តុំផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌ ពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ដោយមាន បញ្ហាចម្ងល់ក្នុងបណ្តាញ សង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណជនថា ការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ ជាចម្បងគឺជាការសិក្សា ដោះស្រាយបញ្ហា ចរាចរ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមាន បញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាញបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដដែលបានបន្តរថា បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ប្រជាពលរដ្ឋ ជារឿងសំខាន់។ ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះឬឡើង ចំពីមុខផ្ទះ កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាត ដោយសារជណ្តើរ បិទមុខផ្ទះប្រជាពលរដ្ឋ។ លោកថា ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញ និងចូលផ្ទះប្រជាពលរដ្ឋ សងខាងផ្លូវ ប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ ដោយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជា ផ្លូវល្បឿនលឿនគ្មានឧបសគ្គ ហើយចំពោះ ផ្លូវរថត្រង់នឹងគន្លងជណ្តើរ ស្របផ្លូវនេះ យើងបង្កើតបានចំណត រថយន្តជាច្រើន រួមទាំងរៀប ចំសួនច្បារផងដែរ ទីតាំងនេះបើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរ ច្បាស់ជាកើតមានដដែល។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដី ត្រង់រង្វង់មូល ចោមចៅ ដែលពេលនោះតំបន់ចោមចៅពិតជាអាចដោះស្រាយបាននូវលំហូរចរាចរបានល្អប្រសើរ មិនកកស្ទះចរាចរណ៍ដូច បច្ចុប្បន្នឡើយ។ ជាវិធានការក្នុងការដោះស្រាយ ការកកស្ទះចរាចរណ៍ សម្រាប់ច្រកចេញក្រៅក្រុងបន្ថែមទៀត ដែលការ អភិវឌ្ឍអនុវត្តន៍ បានជោគជ័យ នូវយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការពង្រីកកំណាត់ផ្លូវជាតិលេខ៤ និគម្រោង ស្ថាបនា ស្ពានអាកាសថ្មើជើងខាងលើនេះ ដើម្បីដោះស្រាយ ការកកស្ទះចរាចរ ដែលជាបញ្ហាប្រឈម របស់អាជ្ញាធរភ្នំពេញ នាពេលបច្ចុប្បន្ន។ លោកបានថ្លែងបន្តថា ជាពិសេសទៀត ស្ពានអាកាសថ្មើរជើងទាំងពីរមានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចៀសចរាចរ ដល់ថ្មើរជើងដែលភាគច្រើនជាសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ និងអាជីវករដែលរស់នៅសងខាងកំណាត់ផ្លូវនេះ។
លោកអភិបាល បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវនេះ សូមជួយថែរក្សាចិញ្ចើមផ្លូវ ក៏ដូចជាចតយានជំនិះ ឲ្យមានរបៀបរៀបរយ និងសូមកុំបោះចោលសំរាម ក្នុងប្រឡាយចំហដែលជាហេតុ នាំមានការកកស្ទះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នេះជាស្ពានអាកាសថ្មើរជើងទី១នៅកម្ពុជា ដែលបានសាងសង់ នៅលើផ្លូវជាតិលេខ៤ រួម ជាមួយ នឹងការពង្រីកផ្លូវពី១១ម៉ែត្រទៅ២៣ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងធ្វើចំណតរថយន្តអមសងខាងផ្លូវ៕