(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពល បានចេញ​សេចក្តីបំភ្លឺដ៏សំខាន់មួយជុំវិញករណី​នាំចេញខ្សាច់ស៊ីលីកា ដែលត្រូវបាន ចោទប្រកាន់ថា ជាការរំលោភលើការផ្អាកបណ្តោះអាសន្ននាំចេញខ្សាច់។ ការចេញសេចក្តីបំភ្លឺដ៏សំខាន់មួយនេះធ្វើឡើងបន្ទាប់ពីមានសកម្មជននៃអង្គការ មាតាធម្មជាតិបានបង្ហោះវិដេអូនៅលើ Facebook របស់ខ្លួនអំពីសកម្មភាពកប៉ាល់ផ្ទុកខ្សាច់នាំចេញទៅក្រៅប្រទេស កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីនេះ។

ក្រសួងរ៉ែនិងថាមពលបានបញ្ជាក់នៅក្នុងលិខិតថា ការចោទប្រកាន់របស់សកម្មជនអង្គការមាតាធម្មជាតិ គឺជាទង្វើខុសពីការពិត។

នៅលិខិតបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពល បានរៀបរាប់យ៉ាងដូច្នេះថា៖ «សូមអំពាវនាវដ៏ទទូចដល់អង្គការមួយ​ចំនួនដែលតាំងខ្លួងជានគរបាល មានសមត្ថកិច្ចស៊ើបអង្កេតផង ជាអ្នកសារព័ត៌មានផង និងជាអ្នកជំនាញរ៉ែផង ហើយចោទប្រកាន់ និងវាយតម្លៃដោយគ្មានមូលដ្ឋានទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់»

ក្រសួងប្រកាសថា «សូមឲ្យអង្គការនានាចូលរួមសហការដោយផ្ទាល់តាមរយៈការផ្តល់នូវរាល់ព័ត៌មាន អំពីការសង្ស័យ​លើភាព​មិន​ប្រក្រតីនានា មកប្រព័ន្ធ Hotline របស់ក្រសួង 095 727 727 ដើម្បីក្រសួងអាចស្រាវជ្រាវ វិនិច្ឆ័យ បំភ្លឺទៅវិញ​ដោយ​តម្លាភាព​ក្នុងករណីគ្មានជាក់ស្តែង ឬចាត់វិធានការទាន់ពេល វេលា ក្នុងករណីសកម្មភាពនោះជាបទល្មើសជាក់ស្តែង​ចៀសវាងការ​បង្ហោះព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់តាមទំព័រហ្វេសប៊ុក ដែលនាំឲ្យសាធារណជន មានការភាន់ច្រឡំ»

សេចក្តីបំភ្លឺរបស់ក្រសួងរ៉ែនិងថាមពលបំភ្លឺជុំវិញករណីនាំចេញខ្សាច់ស៊ីលីកា៖