(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញ ពុំបានប្រកាសសាលក្រមចំពោះសំណុំរឿងឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ នោះទេ។ តុលាការនេះបានសម្រេចលើកពេល ក្នុងការប្រកាសសាលក្រម ដោយមិនកំណត់។ នេះបើតាមលោក គា អ៊ាវ មេធាវីរបស់ ជនជាប់ចោទ ថោង សារ៉ាត់។
សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង នៅក្បែរផ្សារថ្មី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតចាប់ខ្លួនលោក ថោង សារ៉ាត់ ថៅកែបុរី៩៩៩ រួមទាំងអង្គរក្សរបស់លោកចំនួន៤នាក់ បន្ទាប់ពីបើកប្រតិបត្តិការឆែកឆេរ ឃើញអាវុធ ខុសច្បាប់ នៅផ្ទះលោកថោង សារ៉ាត់ មួយចំនួន ដែលសមត្ថកិច្ចដាក់ការសង្ស័យថា ជាក្រុមធ្វើសកម្មភាពបាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ។